ដំណើរទេសចរណ៍ក្នុងតំបន់របស់លោក មូន នឹងបញ្ចូលកម្លាំងថ្មី ទៅក្នុងគោលនយោបាយថ្មីភាគខាងត្បូងរបស់លោក  

AKP ភ្នំពេញ  ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ — ការិយាល័យ Cheong Wa Dae  បាននិយាយកាលពីថ្ងៃសុក្រថា យុទ្ធនាការ​របស់​ប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ចេ-អ៊ីន ក្នុងការពង្រឹងភាពជា​ដៃ​គូ​យុទ្ធសាស្ត្ររបស់​ទីក្រុង​សេអ៊ូលជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ បានទទួលនូវសន្ទុះថ្មី នៅ​សប្តាហ៍នេះ ខណៈ​ដែលលោកបានធ្វើដំណើរប្រកបដោយផ្លែផ្កាទៅកាន់ប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ។

លោក មូន បានធ្វើបទបង្ហាញសម្រាប់គោលនយោបាយថ្មីភាគខាងត្បូង ដែលមិនដល់បី​ខែមកនេះ មុនកិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ាន នៅទីក្រុងប៊ូសាន ដែលជាស្រុក​កំណើត​របស់គាត់។ វានឹងក្លាយជាព្រឹត្តិការណ៍ការទូតដ៏ធំបំផុត ដែលបានកើតឡើងនៅក្នុង​ប្រទេសកូរ៉េខាង​ត្បូង​ក្រោមការគ្រប់គ្រងរដ្ឋបាលរបស់លោក Moon ។

លោក មូន បានរក្សាពាក្យសំដីរបស់គាត់ ក្នុងការធ្វើទស្សនកិច្ចទៅកាន់ប្រទេស​សមាជិកអាស៊ានទាំង១០ នៅក្នុងតំណែងជាប្រធានាធិបតីរបស់លោក​ ដែលបានក្លាយជា​ប្រធានាធិបតីកូរ៉េខាងត្បូងតែម្នាក់គត់ដែលធ្វើដូច្នេះ។

នៅពេលមុននេះ លោកបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដែលជាដៃគូសំខាន់មួយ​ទៀតនៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយថ្មីភាគខាងត្បូងនេះ។

លោក ជូ ហ៊ីយ៉ុង-ជុល (Joo Hyung-chul) ប្រឹក្សា Cheong Wa Dae ទទួលបន្ទុកកិច្ចការ​សេដ្ឋកិច្ចបាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងណៃពិដោថា វាបានឆ្លុះបញ្ចាំងពី​សារៈសំខាន់ ដែលយើងបានចាត់ទុកចំពោះអាស៊ាន និងឥណ្ឌា។ ទីក្រុងសេអ៊ូលស្ថិតនៅ​ក្នុងល្បឿនយ៉ាងលឿនសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររឹងមាំ ជាមួយប្លុកអាស៊ាន ទោះបីជាវា​បាន​ចាប់ផ្តើមនៅពេលក្រោយ ជាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងក៏ដោយ។

លោក ជូ បាននិយាយថា តាមរយៈដំណើរក្នុងតំបន់ក្នុងសប្តាហ៍នេះ​ លោក មូន បានចាប់​ផ្តើមធ្វើជាមូលដ្ឋាន ដើម្បីជំរុញគោលនយោបាយភាគខាងត្បូងថ្មី ដោយមានស្ថិរភាព នឹង​បាន​បង្ហាញនូវភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសមាជិក​អាស៊ានទាំង១០។

តាមការពិតទៅ លោក មូន នៅអាស៊ីអាគ្នេយ៍ក្នុងសប្តាហ៍នេះ លោកបានផ្តោតការយក​ចិត្ត​ទុក​ដាក់លើកិច្ចសហប្រតិបត្តិការទ្វេភាគី ច្រើនជាងការនិយាយអំពីប្រទេសកូរ៉េខាងជើង។​នៅ​ក្នុងកិច្ចពិភាក្សានៅទីក្រុងបាងកកកាលពីថ្ងៃចន្ទ លោក មូន និងនាយករដ្ឋមន្រ្តីថៃ បាន​ឈានដល់​កិច្ចព្រមព្រៀង ដើម្បីពង្រីកភាពជាដៃគូទ្វេភាគីដល់វិស័យបច្ចេកវិទ្យា​ខ្ពស់ឆ្លើយតប​នឹងបដិវត្តឧស្សាហកម្មលើកទី៤។

ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរ និងការពារចារកម្ម​យោធា​ដែលត្រូវបានគេរំពឹងថា នឹងជួយពង្រឹងទំនាក់ទំនងយោធា និងកិច្ចសហប្រតិបត្តិការ​ឧស្សាហកម្មការពារជាតិរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ។

លោក Moon បានចូលរួមក្នុងពិធីបង្ហាញផលិតផលម៉ាក K ដែលជានិមិត្តសញ្ញា​ពាណិជ្ជ​កម្មផ្លូវការ សម្រាប់មុខទំនិញរាប់សិបមុខដែលផលិតដោយសហគ្រាសធុនតូច និង​មធ្យម​របស់កូរ៉េខាងត្បូង។ វាត្រូវបានរចនាឡើង ដើម្បីទាញយកប្រយោជន៍ពីការកើនឡើងនូវ​ប្រជាប្រិយភាពរបស់វប្បធម៌កូរ៉េនៅបរទេសក្នុងទីផ្សារនៃផលិតផលរបស់ពួកគេ៕

(ប្រភពយន់ហាប់: បកប្រែដោយលោក មាស សំអុល)