លោកជំទាវ ម៉ែន នារីសោភ័គ ចុះសួរសុខទុក្ខសីលវ័ន្ត សីលវន្តីនៅខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩  — លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខ​ទុក្ខ​ និងនាំយក​អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា​ ​ប្រគេន-​ផ្តល់​ដល់ព្រះសង្ឃ​ តាជី​ យាយជី​ និងកុមារកំព្រា​ចំនួន​ ៥៦អង្គ/នាក់​ ដែល​កំពុងគង់-​ស្នាក់នៅ​ និងសិក្សាព្រះធម៌​នៅ​មជ្ឈ​មណ្ឌល​វិបស្សនៈ​ ធុរៈ​ សារនាថពោធិ៍រាជ​ ស្ថិតនៅក្នុងភូមិស្រែតាជៃ​ ឃុំអភិវឌ្ឍន៍​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​ កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩  ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។ ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារី​សោភ័គ​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ជូនចំពោះ​ តាជី​ យាយជី​ និងកុមារកំព្រាទាំងអស់​ ព្រមទាំង​សូមបួងសួង​ឱ្យមានសុខភាពល្អ​ អាយុ​យឺនយូរ​ ដើម្បីផ្សព្វផ្សាយនិងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា​តរៀងទៅ។ លោកជំទាវ​ ក៏បានផ្តាំផ្ញើដល់កុមារទាំងអស់​ត្រូវ​គោរពវិន័យរបស់​មជ្ឈមណ្ឌល​ ខិតខំសិក្សារៀនសូត្របន្ថែម​ទៀត​ដើម្បីអនាគតភ្លឺស្វាង។

លោកជំទា អគ្គលេខាធិការរងទី១ បានថ្លែងថា ដោយ សារ​ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនោះទើបប្រជាពលរដ្ឋ​រស់នៅ​មានសេចក្តីសុខ និងសុវត្ថិភាព សប្បាយរីករាយក្នុងការជួបជុំគ្នាធ្វើបុណ្យទាន។

លោកជំទាវបានបន្តថា នេះជាវប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង បង្កើនគំនិតរួបរួមសាមគ្គីគ្នា ចែករំលែកចំណេះដឹង និង​បង្កើតគំនិតឆ្នៃប្រឌិតថ្មីៗ ដែលអាចជួយទប់ស្កាត់នូវការហូរចូលនូវ វប្បធម៌ និង​អរិយធម៌​​មិនល្អពីបរទេស ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ លោកជំទាវបាន​គូសបញ្ជាក់ទៀតថា បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ឯកភាព​ជាតិតែមួយជាមួយនឹងសេដ្ឋកិច្ចមានការរីកចម្រើនអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ទើបធ្វើឱ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខ និងសុខសុវត្ថិភាព ចូលរួ ធ្វើបុណ្យទាន តាមជំនឿសាសនា ដោយមិនប្រកាន់ និន្នាការនយោបាយ និងជាតិសាសន៍ដទៃឡើយ  បងប្អូនប្រជាពលរដ្ឋជួបតែសុខសុវត្ថិភាព សុខ​សប្បាយទាំងអស់គ្នាក្នុងឱកាសបុណ្យប្រពៃណីជាតិ។

ក្នុងឱកាសនោះលោកយាយជី​ លោកតាជីទាំងអស់​ បានសូត្រធម៌​ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ​ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុងលោក ​ ប្រោសព្រំ​ថែរក្សា​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា សូមជួបប្រទះតែពុទ្ធពរ​ ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ​ ដើម្បីបន្តដឹកនាំព្រះរាជា​ណាចក្រកម្ពុជា​ ឱ្យរក្សាបានសុខសន្តិភាព​ ស្ថិរភាព​ ការអភិវឌ្ឍ​ និងភាព​សុខដុមរមនារបស់ប្រជាពលរដ្ឋទាំងអស់។​

លោកជំទាវ នឹងក្រុមការងារបានចែកជូននូវអំណោយរបស់កាកបាទក្រហមកម្ពុជា​ ជូនយាយជី​ តាជី​ និងកុមារ​កំព្រា​ ៥០នាក់​ ក្នុងម្នាក់ៗទទួលបាន​​ ​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត១កញ្ចប់។ ដោយឡែក មុង ​ ភួយ​ សារុង​ ក្រមា​ អាវយឺត ព្រមទាំង​ក្រណាត់ស​ ១ដុំ​ និងថវិកា​ ១ម៉ឺនរៀលទៀត ជាអំណោយរបស់សម្តេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បានប្រគេនព្រះសង្ឃ​ ៦អង្គ​ ដែលគង់នៅក្នុងមជ្ឈមណ្ឌល​ អង្ករ​ ៣០០គីឡូក្រាម​ មី​ ១០កេស​ ត្រីខ​ ១០០កំប៉ុង​ មុង១០​ ភួយ១០​ និងបច្ច័យ​ចំនួន​ ៥០ម៉ឺនរៀល៕

ដោយ បៃ ស៊ីថុន​