សត្វចាបព្រៃវែងប្រភេទជិតផុតពូជលើលោកមាននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ — បើតាមការផ្សាយព័ត៌មានផ្លូវការរបស់ អង្គការជីវិតសត្វស្លាបអន្តរជាតិ Birdlife នៅរសៀល​ថ្ងៃព្រហស្បតិ៍ ៧កើត​ ខែ​ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០១៩ ថា ចាបព្រៃវែង (Yellow-breasted Bunting Enberiza aueola)គឺជាប្រភេទជិតផុតពូជបំផុតលើលោក ដែលកំណត់ក្នុង​បញ្ជីក្រហម ក្នុងឆ្នាំ២០១៧ ។ គេអាចកំណត់សត្វចាបញី ឈ្មោលបាន​ដោយ​សារសត្វចាបឈ្មោលមានបំពង់ក និង ផ្នែកពោះពណ៌លឿងទុំ និង មានវ័ណ្ឌទ្រូងពណ៌ត្នោតមានឆ្នូតស្លាបស ដោយឡែក​សត្វចាបញីគ្មានវ័ណ្ឌទ្រូងត្នោត ផ្នែកពោះពណ៌លឿងខ្ចី និង ផ្នែក​ខ្នង​ពណ៌ត្នោតខ្ចី។បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និង ទ្វីបអាស៊ីខាងជើង ហើយពួកវាតែងតែ បំលាស់ទីមកកាន់តំបន់​អាស៊ី ប្រទេសឥណ្ឌា និង ប្រទេសចិន ភាគខាងត្បូងនៅរដូវត្រជាក់ និង ហោះហើរត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ ។ នៅកម្ពុជាសត្វចាបព្រៃ​វែង ត្រូវ​បាន​ប្រទេះឃើញជាក្រុមក្នុងរដូវវស្សានៅតាមទីជម្រកដែល​ជា​ដី​ចម្ការ វាលស្រែ និងវាលស្មៅ។ ពួកវាក៏អាចតាំងលំនៅ​បណ្តោះ​អាសន្នក្នុងវាលស្រែទាំងនោះផងដែរ។ ពួកវាមានវត្តមាន​នៅកន្លែងមួយចំនួនដូចជា ផ្នែកខាងត្បូង​ខេត្តក្រចេះ ខេត្តពោធិ៍សាត់ និង ខេត្តកំពង់ធំ ។ តាមរបាយណ៍​របស់​ពួកវាមានការថយចុះ យ៉ាងគំហុកដោយសារតែការដាក់អន្ទាក់ មង សារធាតុពុល និង មធ្យោបាយផ្សេងទៀត សម្រាប់ធ្វើជាអាហារ និង លក់នៅលើទីផ្សារជាដើម។

អង្គការជីវិតសត្វស្លាបអន្តរជាតិ Birdlife បានជូនដំណឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញអ៊ីរ៉ា ក្រុមអ្នកអភិរក្សមកពី ហុងកុង ជប៉ុន និង កម្ពុជានឹងជួបជុំដើម្បីរៀបចំសិក្ខាសាលាស្តីពីការអភិរក្សសត្វចាបព្រៃវែងនៅកម្ពុជាដែលសត្វនេះជិតផុតពូជលើពិភពលោក ៕

ដោយ:ណយ នឿន (ប្រភពៈBirdlife)