សិក្ខាសាលាពិគ្រោះយោបល់លើកិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៩​​​ — ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃព្រហស្បតិ៍ ៧កើត​ ខែ​ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ​២០១៩ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម​ បាន​អញ្ជើញចូលរួម​ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនៅកម្ពុជា» ដែល​រៀបចំ​ឡើង​នៅសណ្ឋាគារសាន់វ៉េ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអន្តរក្រសួង តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។​

នៅក្នុង​ឱកាសនោះ​ លោកជំទាវរដ្ឋលេខាធិការបាន​មាន​ប្រសាសន៍ថា​ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តន៍កិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម តាមរយៈការចូលជាសមាជិកសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីប្រតិបត្តិការនេះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ការបង្កើតគណៈកម្មាធិការបញ្ជរតែមួយជាតិ និងការប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ដែលបច្ចុប្បន្នកំពុងរង់ចាំរដ្ឋសភាជាតិធ្វើការអនុម័ត ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ទន្ទឹមនឹងនេះ​ លោកជំទាវបានគូសបញ្ជាក់ពីសក្តានុពល និងសារៈសំខាន់នៃកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម សម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការជំរុញប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពនៃលំហូរពាណិជ្ជកម្មនៅតាមប្រទេសក្នុងតំបន់ ដើម្បីបង្កើតភាពសុខដុមនីយកម្មសម្រាប់ពិភពលោក ក្នុងរយៈពេលយូរអង្វែង។ ជាមួយគ្នានេះដែរ លោកជំទាវក៏បាន​គូសបញ្ជាក់​បន្ថែមទៀត​អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម តាមរយៈការកែសម្រួលនីតិវិធីរដ្ឋបាល ការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ASYCUDA ការដាក់ចេញនូវកំណែទម្រង់ និងវិធានការសម្រួលពាណិជ្ជកម្មដ៏មុតស្រួច ការធ្វើបច្ចុប្បន្នភាព និងដាក់ឱ្យដំណើរការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ២០១៩-២០២៣ និងការចងក្រងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ជាដើម។

ជាពិសេស​ លោកជំទាវបានអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងមន្ត្រីអន្តរក្រសួង ប្រើប្រាស់វេទិកាថ្ងៃនេះ ធ្វើការត្រួតពិនិត្យ និងពិភាក្សាឱ្យបានផុសផុល ទៅលើរបាយការណ៍សិក្សាចងក្រងឡើងដោយអង្គការ UNESCAP ស្តីពីសេចក្តីព្រាងសកម្មភាពសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនប្រើក្រដាសស្នាមនៅកម្ពុជា ដើម្បីបង្កើតជាផែន ការអាទិភាពក្នុងរយៈពេលខ្លី សំដៅកៀរគរប្រភពធនធាន ជាពិសេសជំនួយសម្រាប់ពាណិជ្ជកម្ម (Aid-for-trade) សម្រាប់គាំទ្រការអនុវត្តនាពេលអនាគត៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម)