សម្តេចក្រឡាហោមអញ្ជើញជាអធិបតីក្នុងប្រជុំបូកសរុបលទ្ធលនៃការចុះធ្វើវេទិកាសាធារណៈ ខេត្តបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ — នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធល នៃការចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង ប្រមាណជិត១.០០០នាក់ផងដែរ ។ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត បានមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងបានលើកឡើងអំពីបញ្ហា សំណូមពរមួយចំនួនដែលក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុក និងរដ្ឋបាលខេត្តកំពុងបន្តធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ហើយបញ្ហាសំណូមពរមួយចំនួន រដ្ឋបាលខេត្ត បានស្នើសុំគោលការណ៍ពីថ្នាក់ជាតិ ដើម្បីធ្វើការដោះស្រាយបន្ត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបងមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍បូកសរុបរបស់ខេត្ត ស្តីពីលទ្ធផលវេទិកាសាធារណ: នៅតាមមូលដ្ឋានដោយប្រមូលបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋកន្លងមក និងបានផ្តល់នូវអនុសាសន៍លើបញ្ហាចម្បងៗចំនួន៣ចំណុចគឺ ទី១-ការវាយតម្លៃអំពីលទ្ធផលនៃការរៀបចំវេទិកាសាធារណ។: ទី២-បញ្ហាប្រឈមដែលប្រមូលបានពីវេទិកាសាធារណ: និងដំណោះស្រាយ។ ទី៣-ទិសដៅការងារពីនេះដល់ដំណាច់ឆ្នាំ២០១៩។

សម្តេចបានបន្តថា បន្ទាប់ពីបានប្រមូលលទ្ធផលរាល់បញ្ហាប្រឈម ជុំទី១នេះមកយើងមានបញ្ហាប្រឈមប្រមាណជាង ១.០០០ករណី សម្រាប់ខេត្តបាត់ដំបង ហើយយើងត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងត្រូវធ្វើវេទិកាសាធារណ:បន្តទៀតដើម្បីប្រមូលទិន្នន័យបន្ថែមទៀតយកមកធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ។

សូមជម្រាបជូនថា វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុង ស្រុក បានរៀបចំវេទិកានៅតាមបណ្តាឃុំ សង្កាត់ ក្រុង ស្រុកទាំង ១៤ បានចំនួន ១៥៥លើក ដែលមានអ្នកចូលរួមប្រមាណ ២២.៣៩៧នាក់ ស្រី ៩.៥៧៧នាក់ ហើយការធ្វើវេទិកានេះឡើង ដើម្បីឈ្វេងយល់អំពីបញ្ហាប្រឈម ដែលប្រជាពលរដ្ឋបានជួបប្រទះនៅនឹងមូលដ្ឋានផ្ទាល់ ដូចជា សំណើ សំណូមពរ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាសេវារដ្ឋបាល ហេដ្ឋានរចនាសម្ព័ន្ធ បរិស្ថាន អនាម័យ បញ្ហាអគ្គិសនី និងបញ្ហាផ្សេងៗទៀត ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)