សម្តេចតេជោ បានអនុញ្ញាតឲ្យលោក ហុង ភារិន ចូលជួបសំណេះសំណាល នៅគេហដ្ឋានរបស់សម្តេច

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ផន វាសនា 06/09/19៖


នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឲ្យយុវជនហុង ភារិននិងបងប្រុសរបស់គាត់ឈ្មោះហុង ភារុនជួបសំណេះសំណាលនៅគេហដ្ឋានរបស់សម្តេច។ សម្តេច បានសរសេរនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចថា គោលបំណងនៃការជួបរបស់សម្តេចគឺចង់ស្វែងយល់នូវបំណងនិងគោលដៅដែលហុង ភារិនចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើងឱ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន។ជាមួយគ្នានេះ សម្តេចតេជោ ក៍បានប្រកាសជួយដល់ ហុង ភារុន ដែលរៀនចប់បរិញ្ញាបត្រនិងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱយបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកញ្ញា លោក ហុង ភារិន ក៏បានជួបសំណេះសំណាល ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីទទួលបាននូវបទពិសោធន៍ និងការលើកទឹកចិត្តបន្ថែម ពីថ្នាក់ដឹកនាំ។
គួររំលឹកថា នាពេលថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជាអច្ឆរិយកម្ពុជា ទៀតផង។ លោកជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស២នាក់ និស្សិតឆ្នើម ហុង ភារិន មានអាយុ២៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយការខិតខំតស៊ូប្រឹងប្រែងរៀនសូត្រលោកទទួលបានអាហារូបករណ៍ព្រះរាជទានថ្នាក់បរិញ្ញាបត្រ ប្រចាំសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ ឯកទេសអភិវឌ្ឍន៍ជនបទ។ ក្តីសុបិន្តរបស់និស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រឆ្នាំទី៤រូបនេះ គឺចង់យកចំណេះដឹងដែលខ្លួនបានខិតខំរៀនសូត្រមកអភិវឌ្ឍប្រទេសជាតិ។