កម្ពុជា-អារ៉ាប៊ីសាអូឌីត បន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩​ — តាមប្រភពព័ត៌មានរបស់ក្រសួងការងារបានឱ្យដឹងថា នៅឯទីស្ដីការក្រសួង កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Saud F.Mal Suwelim ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ជំនួបពិភាក្សានេះផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសហការជាមួយគ្នាយ៉ាងល្អកន្លងមក ហើយបាននិងកំពុងបន្តពង្រឹងពង្រីកបន្ថែមទៀត។

ឯកឧត្តម អ៊ិត សំហេង បានទទួលស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតយ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។ មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានមានប្រសាសន៍ថា ក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចមក ភាគីទាំងពីរ បានអនុវត្តន៍លើផ្នែកបច្ចេកទេស ដោយសម្របសម្រួល និងបំពេញបែបបទនីតិវិធី សម្រាប់ការបណ្តុះបណ្តាលលើការបញ្ចូនពលករកម្ពុជានេះ ដែលរហូតមកដល់ពេលនេះ យើងមានទីភ្នាក់ងារស្របច្បាប់ចំនួន៤០ ដោយសហការការងារជាមួយអារ៉ាប៊ីសាអូឌីត បានយ៉ាងល្អប្រសើរ។ យ៉ាងណាក៏ដោយ ពលករកម្ពុជាបម្រើការងារនៅទីនោះមានចំនួនតិចតួចនៅឡើយ ខណៈដែលពលករបរទេសកំពុងបម្រើការងារនៅអារ៉ាប៊ីសាអូឌីត មានរហូតដល់ជិត ១៥លាននាក់។ ឯកឧត្តមបន្តថា អារ៉ាប៊ីសាអូឌីត ជាទីផ្សារដ៏ធំមួយដែលស្រូបកម្លាំងពលកម្មបរទេស មានទាំងទៅពីតំបន់អាស៊ី ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និងមានប្រទេសជាច្រើនផ្សេងទៀត។

បន្ថែមពីនេះទៀតឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនឯកអគ្គរាជទូតអំពីលទ្ធភាព នៃការទាក់ទាញទីផ្សារការងារ គឺផ្តោតលើបញ្ហាប្រាក់ឈ្នួល ដែលកន្លងមកប្រទេសមួយចំនួនបានទទួលពលករពីកម្ពុជា ទៅបម្រើការងារក្នុងតម្លៃដ៏សមរម្យមួយ ដូចជាសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម ដែលពលករកម្ពុជា បានខិតខំរៀនសូត្រនិងចាប់យកឱកាសនោះ ហើយមួយវិញទៀតលក្ខខណ្ឌការងារ និងសុវត្ថិភាពនៅក្នុងពេលធ្វើការ ក៏ដូចជាការវិលត្រឡប់មកវិញ ក៏ជាចំណុចទាក់ទាញ និងការបញ្ចូនដែរ។ បន្ថែមទៀតនេះ អារ៉ាប៊ីសាអូឌីត ជាប្រទេសមួយដែលមានប្រព័ន្ធគ្រប់គ្រង និងការដោះស្រាយវិបត្តិ ឬបញ្ហាប្រឈមរបស់ពលករមានលក្ខណៈល្អប្រសើរ ដែលកម្ពុជាគួរតែគិតគូរ៕

ដោយ សេង សុវណ្ណនី