ឯកឧត្ដម ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ផ្លូវថ្មើរជើងថ្មីតាមមាត់ទន្លេ 

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ​ឆ្នាំ២០១៩​ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានលើកគម្រោងបង្កើតផ្លូវថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញស្របតាមដងទន្លេសាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្ដម មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា អាជ្ញាធររាជធានីភ្នំពេញបានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះសិក្សាពីបញ្ហាផ្សេងៗជុំវិញគម្រោងបង្កើតផ្លូវថ្មើរជើង ដែលចាប់ពីពីមុខប្រៃសណីយ៍កម្ពុជា ឆ្ពោះទៅតំបន់មុខព្រះបរមរាជវាំងនៅពេលឆាប់ៗនេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ អន្តរជាតិ។ គម្រោងបង្កើតផ្លូវថ្មើរជើងនេះនឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរដើរស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ និងទស្សនាទេ ភាពទន្លេចតុម្មុខ ដ៏ស្រស់ត្រកាល។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ក្រុមការងារឱ្យសិក្សាពីពេលវេលា ប្រព័ន្ធបញ្ចៀសចរាចរណ៍ និងកន្លែងចំណតយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ។

កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះអាចបង្កើតឡើងក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយមិនអនុញ្ញាតឱ្យមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយគឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណោះ។ ឯកឧត្ដម បញ្ជាក់ថា រាជរដ្ឋាភិបាលចង់បង្កើតផ្លូវថ្មើរជើងនេះ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរ ពីចំណុចពិសេសនៃរាជធានីភ្នំពេញ គឺមានទេសភាពនៃចំណុចប្រសព្វទន្លេ៤ ដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈកម្មការរៀបបចំផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីអនុវត្តន៍គម្រោងផ្លូវថ្មើរជើងមួយនេះ(Walk Street) ឱ្យចេញជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពល រដ្ឋ ក្នុងរាជធានីភ្នំពេញ និងដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង៕

ដោយសួស សំរិត