នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២គ្រឿង ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែកញ្ញា​ឆ្នាំ២០១៩ — ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីនាយនាវី នាយនាវីរង មូលដ្ឋានសមុទ្រ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ ។

នាវាកងទ័ពជើងទឹកឥណ្ឌាទាំង ០២គ្រឿង ឈ្មោះ​ INS KILTAN ជាប្រភេទ​នាវាប្រឆាំងនាវាមុជទឹក និងនាវាឈ្មោះ INS SAHYADRI (F49) ជាប្រភេទនាវាចម្បាំង មីស៊ីល បានចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បី​បំពេញទស្សនកិច្ចសុច្ឆន្ទៈនៅព្រះរាជាណា ចក្រកម្ពុជា រយៈពេល ០៤ថ្ងៃ គិតពី​ថ្ងៃទី ០៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ។

នាវាទី១ មានលក្ខណៈបច្ចេកទេសរបស់នាវា INS KILTAN -មានបណ្តោយ ១១០ម៉ែត្រ ទទឹង ១២.៨ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ  ទម្ងន់ផ្ទុក ៣.១៥០តោន មានល្បឿន ៤៦គីឡូម៉ែត្រក្នុងមួយម៉ោង មានកម្លាំងចំណុះក្នុងនោះ មន្ត្រី ៣០នាក់, និងនាវិក ២៥០នាក់ ។ នាវាទី២ មានលក្ខណៈបច្ចេកទេសនាវា INS SAHYADRI (F49)  មានបណ្តោយ ១៤៣ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ ទម្ងន់ផ្ទុក ៦.២០០តោន  -ល្បឿន ៥៩គីឡូម៉ែត្រក្នុងមួយម៉ោង កម្លាំងចំណុះ មន្ត្រី ៤០០នាក់ និងនាវិក ៣៥០នាក់។

លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ មានមតិស្វាគមន៍ដោយគូសបញ្ជាក់ថា នេះជាមោទនៈភាពដែលនាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា និងមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ក្នុងដំណើរទស្សនកិច្ចនាពេលនេះ ផ្តោតសំខាន់ទៅលើការការពាដែនសមុទ្ររវាងកងទ័ពកម្ពុជា និងឥណ្ឌា រួមចំណែកការពារសន្តិសុខ នៃប្រទេសទាំងពីរ និងពិភពលោកផងដែរ ។

សូមរម្លឹកថា កាលពីខែមីនា ដើមឆ្នាំ២០១៩ ក៏មាននាវាកងទ័ពជើងទឹកឥណ្ឌាមួយគ្រឿង INS KADMATT (P-29) ជាប្រភេទនាវាប្រឆាំងនឹងនាវាមុជទឹក បានចូលចតធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ ៕

ដោយ ងូ សុមុនី