ឯកឧត្តម វ៉ា ថន ប្រគល់ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋ នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្តុដល់ប្រជាពលរដ្ឋចំនួន ៨៨១គ្រួសារ នៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក    ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ។

លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានឱ្យដឹងថា តាមផែនការនៅឆ្នាំ២០១៩នេះ មន្ទីរត្រូវវាស់វែង និងចេញប័ណ្ណសម្គាល់កម្មសិទ្ធិម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបាន ១៥.៣១២ប័ណ្ណ គឺកើនឡើងបីដងបើប្រៀបធៀបនឹងឆ្នាំ២០១៨ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ថ្ងៃនេះភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះមានមោទនភាពនិងកិត្តិយស ដែលឯកឧត្តមអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២.៣៥៥ប័ណ្ណ ស្មើនឹង ៨៨១គ្រួសារ លើផ្ទៃដីចំនួន ៦១៤ហិកតា ។

នៅក្នុងឱកាសជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ចំពោះវិស័យដីធ្លី និងបានធ្វើកំណែទម្រង់វិស័យដីធ្លី ដូចជាការ ផ្តល់ប័ណ្ណសម្គាល់ ពីគំរូចាស់មកប័ណ្ណគំរូថ្មីដែលមានលក្ខណៈពិសេសមិនអាចក្លែងបន្លំបាន និងមានសុវត្ថិភាពក្នុងការគ្រប់គ្រង ។ ឯកឧត្តមបានឱ្យដឹងថា ការផ្តល់ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាការបញ្ចប់បញ្ហាទំនាស់ព្រំដី និងសម្គាល់ម្ចាស់ទ្រព្យស្របច្បាប់ ហើយជាប្រយោជន៍ក្នុងការប្រើប្រាស់ និងធ្វើការដាំដុះដំណាំកសិកម្ម លើរបរប្រចាំថ្ងៃបានដោយខ្លួនឯង។ ប៉ុន្តែសូមប្រុងប្រយ័ត្ន ហើយត្រូវចេះទុកដាក់ឱ្យបានស្រួល កន្លែងមានសុវត្ថិភាព ត្រូវថតចម្លងឯកសារទាក់ទងនឹងព័ត៌មានដីកម្មសិទ្ធិ ដើម្បីងាយស្វែងរកក្នុងករណីខូច ឬបាត់ តែសម្រាប់ប័ណ្ណកម្មសិទ្ធិសម្គាល់ដីនេះមិនអនុញ្ញាតឱ្យយកទៅអ៊ុតនោះទេ ព្រោះវាអាចនឹងខូចខាត ៕

ដោយ ជួន សុជាតិ