មន្ទីរសុខាភិបាលណែនាំឱ្យមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពត្រូវ ប្រចាំការជាប់ជាប្រចាំដើម្បីជួយប្រជាពលរដ្ឋពេលមានជម្ងឺផ្សេងៗ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានណែនាំដល់គ្រប់មណ្ឌលសុខភាពទាំង១៤នៅក្នុងខេត្តត្រូវប្រចាំការជាប់ជាប្រចាំជាប្រចាំដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋនូវពេលមានទឹកជំនន់ ជាពិសេសបង្កាខ្លាចសត្វ មានពឹសទិចឬខាំត្រូវជួយសង្គ្រោះបន្ទាន់។

       ក្នុងពេលទឹកជននន់ឡើងហួសកំរិតប្រកាសឱ្យប្រុងប្រយ័ត្ននៅខេត្តស្ទឹងត្រែងនេះ លោកវេជ្ជបណ្ឌិតទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តនិងជាប្រធានក្រុមអន្តរាគមន៏ប្រយុទ្ធនិងជម្ងឺឆ្លង បានណែនាំបន្ថែមដល់មន្ត្រីសុខាភិបាលគ្រប់មណ្ឌលសុខភាពក្នុងខេត្ត នឹងនៅតាមបណ្តាស្រុក  ត្រូវបង្កើនការប្រចាំការអោយបានជាប់ជាប្រចាំ ដើម្បីត្រៀមលក្ខណៈជួយប្រជាពលរដ្ឋនៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើដោយចៃដន្យ ដូចជាសត្វមានពិសទិចឬខាំជាដើម។

       លោកខឺម ងែត  ប្រធានមណ្ឌលសុខភាពសង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖នៅពេលមានទឹកជំនន់ធំបែបនេះគ្រូពេទ្យក៍ព្រួយបារម្មដែរ ចំណែកប្រជាពលរដ្ឋយើងក៍មានការភ័យខ្លាច ជាពិសេសបងប្អូនដែលជម្លៀសមកនៅទីទួលសុវត្ថិភាព  ហើយ អាជ្ញាធរក៍តែងយកចិត្តទុកដាក់ជួយគ្រប់បែបយ៉ាង។

លោកជាម៉ា លី ចៅសង្កាត់សាមគ្គីបានបញ្ជាក់ថា៖អាជ្ញាធរក៍បានចូលរួមអប់រំដល់ប្រជាពលរដ្ឋបន្ថែមទៅលើការថែរក្សាសុខភាពនេះដែរ   ព្រោះការដឹកជញ្ជូនឱ្យមកនៅទីទួលសុវត្ថិភាព គឺចង់ឱ្យគាត់ចៀសផុពីគ្រោះធម្មជាតិដែលបង្កឡើងដោយសារទឹកជំនន់ទន្លេមេគង្គនេះ។

  ការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ ខ្ញុំបានជម្លៀសមកគឺ ឲ្យផុតពីគ្រោះថ្នាក់ ទីមួយទី២ ទៀតគឺរកទីទួលសុវត្តិភាពឲ្យគាត់ស្នាក់នៅ អញ្ចឹងបានជា យកសាលាសង្កាត់ និងសាលារៀនជាកន្លែងបណ្តោះអាសន្ន ដើម្បីគាត់រស់នៅជាបណ្តោះអាសន្នសិន ហើយយើងអប់រំគាត់តាំងពីការរស់នៅ ការហូបស្អាត និងការថែរក្សាក្មេងក្មាងកុំឲ្យលេងទឹក  ពេលឈឺរ យើងមានពេទ្យ មកជួយថែព្យាបាលថែមទៀត យើងយកគាត់មកមិនមែនយកមកចោលទេ គឺថែទាំទាំងយប់ទាំងថ្ងៃ  យើង នៅជាមួយរហូត ឲ្យគាត់ផុតពីគ្រោះថ្នាក់ ។

           អ្នកស្រី ដាសុខខួច ប្រជាពលរដ្ឋនៅភូមិ ហាងខូសួនបានបញ្ជាក់ថា៖វិធានការការពារនេះពួកគាត់ក៍បានចូលរួមអនុវត្តតាមការណែនាំដែរ ដូចជាការមើលថែកូនចៅ ការពារកុំឲ្យចុះលេងទឹកការពារមូសខាំ   ខ្លាចមានជម្ងឺគ្រុនចាញ់ឬគ្រុនឈាម  ព្រោះបានត្រៀមលក្ខណៈគ្រប់យ៉ាងដើម្បីសុខភាពនៅពេលមករស់នៅទីទួលសុវត្ថិភាពក៍ដូចជានៅផ្ទះដែរ។

    លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ក្រោយពីបងប្ងូនប្រជាពលរដ្ឋមួយចំនួនត្រូវចេញពីផ្ទះមកនៅទីទួលសុវត្ថិភាពអាជ្ញាធរក៍បានចាត់កម្លាំងមានសមត្ថកិច្ចឱ្យមកនៅប្រចាំការ

ដែរដើម្បីការពារទាំងផ្នែកសន្តិសុខនិងការងារសង្គ្រោះបន្ទាន់ ។

       សូមបញ្ជាក់ថា៖នៅថ្ងៃទី០៦កញ្ញានេះទឹកជំនន់មេគង្គនៅមានកម្ពស់១២ម៉ែត្របង្កផលប៉ះពាល់ជីវភាពរស់នៅប្រជាពលរដ្ឋជាង៣០០០គ្រួសារនិង ជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានបានប្រមាណជាង១០០០គ្រួសារ ក្នុងចំណោមក្រុងស្រុងទាំង៦មានស្រុកបុរីអូរស្វាយ សែនជ័យ និងក្រុងស្ទឹងត្រែង រងផលប៉ះពាល់ខ្លាំងជាងគេ៕