អាជ្ញាធរណែនាំឲ្យគ្រប់ទីវត្តអារ៉ាមនៅរាជធានីភ្នំពេញឲ្យកែលម្អសោភ័ណភាពនិងបរិស្ថាន ដើម្បី ស្វាគមន៍ពុទ្ធបរិស័ទនាឱកាស បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា ហុកសុខរិន ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩៖

អាជ្ញាធរណែនាំឲ្យគ្រប់ទីវត្តអារ៉ាមនៅរាជធានីភ្នំពេញឲ្យកែលម្អសោភ័ណភាពនិងអនាម័យ បរិស្ថាន ដើម្បីទទួលស្វាគមន៍ពុទ្ធបរិស័ទមកពីគ្រប់ទីជិតឆ្ងាយនានាឱកាស បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០១៩។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំ ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយតម្រូវឲ្យមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវណែនាំគ្រប់វត្តអារ៉ាមឱ្យបោសសម្អាតបូជនីយដ្ឋាន ស្តូប កន្លែងតម្កល់អដ្ឋិធាតុបងប្អូន
ជនរួមជាតិដែលបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ និងរៀបចំបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរសដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិតាមប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងរៀបចំតុបតែងទង់ជាតិ ទង់សាសនាទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ឱ្យបានសមរម្យ។
សារាចរណ៍បានបញ្ជាក់ថា ការរៀបចំសោភ័ណភាព និង អនាម័យបានល្អនៅគ្រប់ទីវត្តអារ៉ាមដើម្បីឲ្យទីវត្តអារ៉ាមក្លាយជាគោលដៅទាក់ទាញ់ដ៏សំខាន់សម្រាប់ប្រជាពល រដ្ឋនិងពុទ្ធបរិស័ទនារដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំឲ្យមន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវសហការជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ៣រាជធានីភ្នំពេញ ចុះយកព័ត៌មាន ធ្វើការតាមដានស្វែងយល់ ស្រាវជ្រាវប្រវត្តិ ខ្លឹមសារ និងសកម្មភាព នៃពិធីបុណ្យប្រពៃណី និងអំពីរបៀបរបបស្លៀកពាក់ អាកប្បកិរិយា ដល់ប្រជាពលរដ្ឋពិសេសយុវជន ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យនេះ នៅក្នុងទីវត្តអារាម។
អាជ្ញាធរក៏បានតម្រូវឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ ឲ្យបង្កើនកិច្ចការពារសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈជូនប្រជា
ពលរដ្ឋបានចូលរួមក្នុងពិធីបុណ្យនេះ ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៩នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនិងថ្ងៃទី១៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា ដែលប្រជាពលរដ្ឋខ្មែរមន្ត្រីរាជការ ជាពុទ្ធសាសនិកបាននាំគ្នាចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្តអារ៉ាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំឪពុកម្តាយ បងប្អូន ជីដូនជីតា នៅតាមស្រុកភូមិកំណើតផងដែរ៕