សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងសហការជាមួយក្រុមហ៊ុនឯកជនមួយចំនួនឲ្យបញ្ចុះតម្លៃទំនិញ និងសេវាផ្សេងៗដល់សមាជិកទាំងប្រទេស

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងសហការជាមួយក្រុមហ៊ុនឯកជនមួយចំនួន ឲ្យបញ្ចុះតម្លៃទំនិញ និងសេវាផ្សេងៗដល់សមាជិកទាំងប្រទេសដើម្បីកាត់បន្ថយការចំណាយខ្ពស់ ។

នៅក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីក្នុងវិស័យព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការចេញកាតបញ្ចុះតម្លៃឲ្យយុវជនប្រើប្រាស់នេះ បានជួយកាត់បន្ថយនៅការចំណាយក្នុងជីវភាព​ប្រចាំថ្ងៃរបស់បងប្អូនយុវជនបានមួយកំរិត ។

ឯកឧត្តម បានបន្តថា ផែនការនេះគឺជាការឆ្លុះបញ្ជាំងនៃការពង្រឹក គ្រួសាររបស់សហភាពសហព័ន្ធយុវជន​ឲ្យកាន់តែធំឡើងថែមទៀត ដើម្បីជួយដល់ការងារសង្គម។

សំលេង ៖ «មកដល់ពេលនេះយើងខំប្រឹងប្រែង ខំធ្វើយ៉ាងណាជាមួយវិស័យឯកជនដើម្បីមានអត្ថប្រយោជន៍ Discount ហើយមិនបានច្រើនទេ ក៏ប៉ុន្តែយើងខំប្រឹងប្រែង ឧទាហរណ៍យើងខំប្រឹងប្រែងថា ប្រសិនបើជាមន្ត្រីរាជការស៊ីវិល​របស់​យើងសមាជិករបស់យើងនៅក្នុងវិស័យត្រូវការធ្វើដំណើរច្រើន ឥឡូវហ្នឹងគេយកខំប្រឹងប្រែង​ពិភិក្សាជាមួយខាងសាំងមិន​ដឹង​គេព្រមអត់ទេ សង្ឃឹមថាមួយផ្នែកណាមួយជួយសហការអ្វីដែលជាការចំណាយ​ទៅការចាក់សាំងឬជាការធ្វើដំណើរ» ។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសទទួលស្គាល់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មានជាផ្លូវការកាលពី​ថ្ងៃទី៥ ខែកញ្ញាមានចំនួន១៩៦នាក់មកពី៥អគ្គនាយកដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និងឯកឧត្តម ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ៕