ក្រសួងការងារណែនាំឲ្យម្ចាស់រោងចក្រសហគ្រាសបើកប្រាក់ឈ្នួលជូនកម្មករ ឲ្យបានមុនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ: ក្រសួងការងារណែនាំឲ្យម្ចាស់រោងចក្រសហគ្រាសបើកប្រាក់ឈ្នួលជូនកម្មករ ឲ្យបានមុនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីឲ្យកម្មករមានថវិកាចាយគ្រប់គ្រាន់តាមតម្រូវការ នាឱកាសបុណ្យប្រចាំឆ្នាំដ៏ធំនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន តម្រូវឲ្យ ម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពី ការងារត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី២ ឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីជួយសម្រួលដល់ការចាយវាយរបស់ក្រុមកម្មករ។

ក្រសួងការងារបានអៈអាងថា បើម្ចាស់រោងចក្រសហគ្រាសពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិត ទទួលប្រាក់បុរេប្រទាន យ៉ាងតិច៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ។
សូមបញ្ជាក់ថា នៅក្នុងឱកាសភ្ជុំបិណ្ឌបុណ្យប្រពៃណីជាតិខាងមុខនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យកម្មករនិយោជិត បានឈប់សម្រាករយៈពេល ៤ថ្ងៃ គឺថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ដោយ ជំនួសឲ្យថ្ងៃទី២៩ ដែលត្រូវចំថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក ៕