មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកឡើងថា ការលូកដៃពីប្រទេសដទៃចូលក្នុងប្រទេសមួយៗ គឺជាគ្រោះថ្នាក់របស់ប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការលូកដៃពី ប្រទេសដទៃមកចូលក្នុងប្រទេសមួយៗ គឺជាគ្រោះថ្នាក់របស់ប្រទេស ហើយដែលកម្ពុជា​មាន បទពិសោធន៍ច្រើនណាស់តាំងពីទសវត្សន៍ឆ្នាំ៦០ រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រសិនបើ កម្ពុជាមិនទប់ស្កាត់បានទាន់ពេលវេលានោះទេ នោះគឺជាបញ្ហាប្រឈម។ ការលើកឡើងបែប​នេះ នៅក្នុងសន្និសទីសារព័ត៌មានស្តីពីកម្ពុជា និងប្រជាធិបតេយ្យ ដែលរៀបចំឡើងដោយ​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ឯកឧត្តម ងី ច័ន្រ្ទផល បានគូសបញ្ជាក់ថា ក្នុងសកលភាវូបនីយកម្មពិភពលោកនៅ​ពេលបច្ចុប្បន្ននេះកម្ពុជាមិនចង់យកប្រទេសណាធ្វើជាសត្រូវនោះទេ ប៉ុន្តែកម្ពុជាចង់បាន​ប្រទេស​ទាំងនោះធ្វើជាមិត្តទាំងអស់គ្នា។ ឯកឧតមបានបន្តថា កម្ពុជាបង្កើតមិត្តទាំងអស់​នៅ​លើពិភពលោកនេះ ដោយមិនប្រកាន់ថា ប្រទេសនេះត្រូវនិយាយរក ហើយប្រទេសនោះមិន​និយាយរកនោះទេ សំខាន់ឱ្យតែប្រទេសទាំងនោះស្មោះត្រង់ជាមួយកម្ពុជា ដោយកុំយកកម្ពុជា​ធ្វើជាឧបករណ៍ ក្នុងភូមិសាស្រ្តនយោបាយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាមិនអាច​ធ្វើអ្វី​ដែលធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជាបាននោះទេ។ ឯកឧត្តមបានអះអាងថា ការ គោរពគ្នាទៅវិញទៅមកនេះ គឺជាបញ្ហាសំខាន់ដែលធ្វើយ៉ាងណាចងសម្ព័ន្ធភាពកាន់​តែ​ខ្លាំង​ក្លា ឡើងថែមទៀត ដោយមិនប្រកាន់ប្រទេសណានោះទេ។

ដោយឡែកទាក់ទង​នឹងបញ្ហា​ប្រជាធិបតេយ្យឯណោះវិញ ដែលត្រូវបានអ្នកសារ​ព័ត៌ មាន​ចោទ​សួរថាតើកម្ពុជាគួររៀនពី​បណ្តា​​បច្ចឹមប្រទេសណាខ្លះ ខណៈដែលប្រជាធិប​តេយ្យ​នៅកម្ពុជានៅក្មេងខ្ចីនៅឡើយ។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជារៀនយកពីប្រទេសដទៃធ្វើជាឧទាហរណ៍ មិនមែនរៀនពីប្រទេស​ដទៃនោះទេលើប្រព័ន្ធប្រជាធិបតេយ្យនេះ។ ឯកឧត្តមបានបន្ថែមថា កម្ពុជាត្រូវមានគំនិតកុំ​រៀន​សូត្រពីគេ ប៉ុន្តែត្រូវរៀនពីគេជាឧទាហរណ៍នៅក្នុងសម័យនេះ។ ឯកឧត្តមបានបញ្ជាក់​បន្ថែម​ទៀតថា កម្ពុជាត្រូវផ្លាស់ប្តូរផ្នត់គំនិតរៀនពីបរទេស ហើយក៏គ្មានបរទេសណាធ្វើជាចៅ​ហ្វាយ​របស់កម្ពុជាដែរ ៕

ដោយ ចាន់ សុធីវង្ស រូបថត៖ ឡាញ់ វិសាល