អារ៉ាប៊ីសាអូឌីតប្រកាសបង្កើនការជ្រើសរើសពលករកម្ពុជាទៅធ្វើការនៅប្រទេសរបស់ខ្លួន

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
ភ្នំពេញ៖ អារ៉ាប៊ីសាអូឌីតបានប្រកាសបង្កើនការជ្រើសរើសពលករកម្ពុជាទៅធ្វើការនៅប្រទេសរបស់ខ្លួនដើម្បីឈានទៅទទួលពលករកម្ពុជាឲ្យបានកាន់តែច្រើនតាមផែនការដែលបានកំណត់។
ឯកឧត្តម Saud F.Mal Suwelim ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចង់អោយប្រជា ពលរដ្ឋខ្មែរ ដាក់ពាក្យទៅបំរើការងារ នៅអារ៉ាប៊ីសាអូឌីតឲ្យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីពលករកម្ពុជាដែលបម្រើការងារនៅទីនោះនៅមានចំនួនតិចតួចនៅឡើយ។
ការប្រកាសបង្កើនចំនួនពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៩នេះដោយអៈអាងថា អារ៉ាប៊ីសាអូឌីតមានតម្រូវការទីផ្សារការងារច្រើនសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានមានប្រសាសន៍ថា អារ៉ាប៊ីសាអូឌីត ជាទីផ្សារដ៏ធំមួយដែលបានស្រូបកម្លាំងពលកម្មបរទេស មានទាំងតំបន់អាស៊ី ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងមានប្រទេសជាច្រើនផ្សេងទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការជ្រើសរើសទីផ្សារការងារនៅអារ៉ាប៊ីសាអូឌីតគឺជាជម្រើស ដ៏ល្អដោយសារតែអារ៉ាប៊ីសាអូឌីតជាប្រទេសមួយដែលមានប្រព័ន្ធគ្រប់គ្រង និងការដោះស្រាយវិបត្តិ ឬបញ្ហាប្រឈមរបស់ពលករមានលក្ខណៈល្អប្រសើរ ហើយមានប្រាក់បៀវត្សខ្ពស់ថែម ទៀងផង។
សំឡេង«លើកទឹកចិត្ដឲ្យមានការជ្រើសរើស និងការបញ្ជូនទៅតាមស្មារតីកិច្ចព្រមព្រៀង ហើយតាមការស្ម័គ្រចិត្ដរបស់បងប្អូនជ្រើសរើសទៅធ្វើការ ឥឡូវគោលដៅទៅក្រៅប្រទេសគឺមានការជ្រើសរើសច្រើនហើយខ្ញុំបានជម្រាបជូនភាគីអារ៉ាប់ប៊ីសាអូឌីតអំពីលទ្ធភាពនៃការទាក់ទាញទីផ្សារការងារគឺផ្តោតលើបញ្ហាប្រាក់ឈ្នួលដែលកន្លងមកប្រទេសមួយចំនួនបានទទួលពលករពីកម្ពុជាទៅបម្រើការងារក្នុងតម្លៃដ៏សមរម្យមួយ ដូចជាសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម ដែលពលករកម្ពុជាបានខិតខំរៀនសូត្រនិងចាប់យកឱកាសនោះ។ ហើយមួយវិញទៀតលក្ខខណ្ឌការងារនិងសុវត្ថិភាពនៅក្នុងពេលធ្វើការ ក៏ដូចជាការវិលត្រឡប់មកវិញ ក៏ជាចំណុចទាក់ទាញនិងការបញ្ជូនដែរ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានិងអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលពលករពីកម្ពុជា ហើយមកដល់ពេលនេះ កម្ពុជាមានទីភ្នាក់ងារស្របច្បាប់ចំនួន៤០ក្រុមហ៊ុនដែលបានសហការជាមួយប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបញ្ជូនពលករកម្ពុជាប្រកបដោយភាពស្របច្បាប់៕