ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលើកទឹកចិត្តសមាជិកថ្មីឲ្យចូលរួមធ្វើការងារសង្គមផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ចេម ហួត ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកទឹកចិត្តដល់សមាជិកថ្មីឲ្យចូលរួមធ្វើការងារសង្គម ហើយផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចំរើន ប្រកបដោយសុខសន្តិភាព។

ក្នងពិធីប្រកាសទទួលស្គាល់សមាជិកភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាននាព្រឹកថ្ងៃទី៥ ខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍រដ្ឋសភា  និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថា សមាជិកស.ស.យ.កទាំងអស់ ត្រូវសហការគ្នាចូលរួម និងបំផុសស្មារតីឲ្យយុវជនចូលរួម បរិច្ចាគឈាម  ផ្សព្វផ្សាយ អប់រំ ពីច្បាប់ ចរាចរណ៍ បញ្ហាសុខភាព បរិស្ថាន វប្បធម៌ ព្រមទាំងជួយប្រជាពលរដ្ឋងាយរងគ្រោះឲ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើទៅបាន។

ជាមួយគ្នានោះឯកឧត្តម ប្រាប់ដល់យុវជនជាសមាជិក ត្រូវមានសាមគ្គីភាព គោរពច្បាប់ សង្គម បទបញ្ជាផ្ទៃក្នុង ស.ស.យ.ក ខិតខំរៀនសូត្រ ចែករំលែកនូវបទពិសោធន៍ថ្មីៗទៅសមាជិកផ្សេងៗ ដើម្បីឲ្យក្លាយជាធនធានមនុស្សដ៏មានសក្តានុពលចូលរួមអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តមបញ្ជាក់ថា​ ការចូលរួមធ្វើការងារមនុស្សធម៌របស់សហភាពសហព័ន្ធយុវជនកម្ពុជា មិនទាមទានូវការកោតសរសើរ ឬការតបស្នងណាមួយពីមហាជននោះទេ តែជាការលះបង់កំលាំងកាយចិត្ត ប្រកបដោយភាពស្មោះត្រង់ ក្នុងបុព្វហេតុជាតិ និងប្រជាជន ។

ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែនអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មានបានប្តេជ្ញាចូលរួមបំផុសស្មារតីដល់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា       វិស័យព័ត៌មានទាំងអស់ឲ្យខិតខំចូលរួមធ្វើការងារសង្គម និងកៀរគរយុវជនឲ្យចូលរួមក្នុងចលនាលើកតម្កើងកិត្យានុភាព ប្រពៃណី និងវប្បធម៌ជាតិ តាមរយៈការបង្កើតនូវកម្មវិធីជាតិ ការចូលរួមក្នុងកម្មវិធីអន្តរជាតិនានា ការចូលរួមអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការបង្កើតនូវកម្មវិធីបណ្តុះបណ្តាល និងវគ្គបំប៉នក៏ដូចជាការផ្តល់​នូវអាហារូបករណ៍ និងការចូលរួមផ្សេងៗជាច្រើនទៀតទាំង កិច្ចការនយោបាយ សេដ្ឋកិច្ច និងសង្គម ។

សូមបញ្ជាក់ថា សមាជិកភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មានដែលប្រកាសទទួលស្គាល់ជាផ្លូវការដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  និង ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃនេះ សរុបទាំងអស់មានចំនួន១៩៦រូប មកពីអគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន ខណៈដែលពួកគេមានសមត្ថភាព និងឆន្ទៈខ្ពស់ទាំងការងាវិស័យព័ត៌មាន និងការងារសង្គមជាតិ៕