ក្រសួងពាណិជ្ជកម្ម និងអង្គការ JETRO ចុះអនុស្សរណៈពង្រីកទំនាក់​ទំនង​សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម ដើម្បីទាក់ទាញវិនិយោគិនជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ — ក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានចុះអនុស្សរណៈ​នៃការយោគយល់គ្នា ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និង​ជំរុញបរិយាកាសធុរកិច្ចល្អសម្រាប់ទាក់ទាញក្រុមហ៊ុនឯកជនពីប្រទេសជប៉ុនមកកម្ពុជា។ នេះបើយោងតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ថ្លែងក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងពាណិជ្ជគម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែង​អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់​ប្រជា​ជនកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា អនុស្សរណៈនេះ​នឹងជួយពង្រឹងបន្ថែមនូវ​កិច្ចសហ​ប្រតិបត្តិការក្នុងវិស័យជំរុញពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងគោល​បំណងបង្កើតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងក្រសួងពាណិជ្ជកម្ម និង JETRO។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកត់សម្គាល់នូវសកម្មភាពមួយចំនួនដែល JETRO បានអនុវត្តន៍នៅ​កម្ពុជា រួមមាន ការផ្គូរផ្គងធុរកិច្ច ការសិក្សាវិភាគ ការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការសម្របសម្រួលបញ្ហាជូនក្រុមហ៊ុនជប៉ុន ការបណ្ដុះបណ្ដាលមន្ត្រី និងវិស័យឯកជន និងការ ជួយដល់ក្រុមហ៊ុនកម្ពុជាចូលរួមក្នុងពិព័រណ៍ជប៉ុន។ ឯកឧត្តមបានចាត់ទុកថា តាមរយៈការ​ខិតខំប្រឹងប្រែងប្រមូលព័ត៌មានពិតពីទីផ្សារកម្ពុជារបស់ JETRO បានផ្ដល់ទំនុកចិត្តដល់​ក្រុមហ៊ុន Aeon មកវិនិយោគផ្សារទំនើបនៅកម្ពុជាជាបន្តបន្ទាប់ ហើយការបង្កើតផ្សារទំនើប Aeon នៅកម្ពុជានេះដែរ បានយកមកជាមួយនូវស្ដង់ដារល្អៗ ដូចជាស្ដង់ដារអនាម័យជាដើម មកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា ដែលជាតម្លៃបន្ថែមមួយនៃការវិនិយោគនេះផងដែរ។

លោកស្រីបណ្ឌិត យូរី សាតូ (Yuri Sato) នាយករងនៃអង្គការ JETROបានវាយតម្លៃ ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ចំពោះធុរកិច្ច ជប៉ុន។ លោកស្រីក៏បានកត់សម្គាល់នូវកំណែទម្រង់មួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជា បាន ដាក់ចេញ និងអនុវត្តន៍ ក្នុងការសម្រួលដល់ការប្រកបធុរកិច្ច និងពាណិជ្ជកម្ម ដែលនេះ​ជាសញ្ញាវិជ្ជមានដែលលោកស្រីនឹងពាំនាំទៅផ្សព្វផ្សាយ។ លោកស្រីបានលើកឡើងដែរថា JETRO មានការងារថ្មីមួយដែល JETRO នឹងអនុវត្តន៍ គឺការជំរុញនវានុវត្តន៍ និងការបង្កើត ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលថ្មីៗ (Innovation and Digital Technology Startup) ជាមួយនឹង ការផ្គូរផ្គងធុរកិច្ចក្នុងវិស័យនវានុវត្តន៍។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះនាពេលនេះ ជាការ​ធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈដែលក្រសួងពាណិជ្ជកម្ម និងអង្គការ JETRO បានចុះ​អនុស្សរណៈ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការរវាង​ស្ថាប័នទាំងពីរ បានរួមចំណែកដល់កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ដែលក្នុង​ឆ្នាំ២០០៩ មានចំនួនតិចតួច ហើយក្នុងឆ្នាំ២០១៨ បានកើនឡើងដល់ចំនួនប្រមាណ១.៦ ប៊ីលាន​ដុល្លារអាម៉េរិក៕

ដោយ អ៊ុន រិទ្ធី