ក្រសួងការបរទេសរុស្ស៊ី៖ រុស្ស៊ីត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចសន្ទនាជាមួយ សហរដ្ឋអាមេរិក​ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មដោយគ្មានហេតុផល

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុង​បទ​សម្ភាសន៍​មួយសារព័ត៌មាន Izvestiya newspaper ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ​ថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចសន្ទនាជាមួយក្រុងវ៉ាស៊ីនតោន ក្នុងទម្រង់​ណា​មួយ​ដែលសហរដ្ឋអាមេរិកមានភាពងាយស្រួលនាពេលបច្ចុប្បន្ននេះ។

លោក Sergey Lavrov បាននិយាយថា សហសេវិកអាម៉េរិករបស់យើងកំពុងតែ​ព្យាយាមដាក់ទណ្ឌកម្មជាឯកតោភាគី ដោយមិនចាំបាច់ពន្យល់ពីហេតុផលខ្លះទេ ពួកគេកំពុង​ធ្វើវាដោយគ្មានហេតុផលអ្វីទាំងអស់។ ទាំងនេះគឺផ្ទុយពីអារម្មណ៍ដែលត្រូវបាន​ប្រធានាធិបតី​អាម៉េរិកលោក ដូណាល់ ត្រាំ លើកឡើងឥតឈប់ឈរ ដោយបន្ថែមថា ប្រទេសរុស្ស៊ី ​គឺតែងតែ​ត្រៀមខ្លួនជាស្រេច ដើម្បីបន្តទំនាក់ទំនងឡើងវិញតាមទំរង់ដែលសហរដ្ឋអាមេរិករកឃើញថា​ មានផាសុកភាព។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានរំលឹកឡើងវិញថា ទំនាក់ទំនងរុស្ស៊ី-អាម៉េរិកកំពុងត្រូវ​បាន​បំផ្លាញបើទោះបីជាមានផែនការរបស់លោក Trump ដើម្បីធ្វើឱ្យមានលក្ខណៈធម្មតា​ក៏ដោយ។

ក្រុមអ្នកប្រជាធិបតេយ្យអាម៉េរិកកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីស្វែងរកកិច្ចទំនាក់​ទំនង​សម្ងាត់មួយចំនួនរវាងលោក Trump និងប្រទេសរុស្ស៊ី ហើយធ្វើជាលេសមួយចំនួន ដើម្បីធ្វើ​ការ​ចោទប្រកាន់លោកប្រធានាធិបតី ដោយសម្តែងការសោកស្តាយដែលជាផ្នែកមួយ​នៃ​ឥស្សរជនអាម៉េរិកកំពុងព្យាយាមទទួលបានផលប្រយោជន៍ពីករណីរុស្ស៊ីនេះ មុនការប្រកួត​ប្រជែងការបោះឆ្នោត​ប្រធានាធិបតីឆ្នាំ ២០២០ខាងមុខនេះ។

លោក Lavrov បានកត់សម្គាល់ថា ទោះបីយ៉ាងណាក៏ដោយកិច្ចពិភាក្សា ​រវាង​ប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មថ្មីៗនេះមានការរីកចម្រើនខ្លះ។

លោក Lavrov បានគូសបញ្ជាក់ថា លើស​ពី​នេះទៅទៀត​ទីក្រុងមូស្គូបានលើកឡើងថា​ កិច្ចពិភាក្សាទ្វេភាគីស្តីពីសន្តិសុខតាមអ៊ីនធឺណិតគួរតែត្រូវបានផ្តួចផ្តើមឡើង។

ទោះយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់ការឆ្លើយតបទូលំទូលាយ​ចំពោះការលើកឡើងទាំងនេះទេ។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ​និងរុស្ស៊ី គឺជាអ្វីដែលមន្ត្រី​មកពីប្រទេសទាំងពីរហៅថា ជាចំណុចទាបបំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក។ ទីក្រុង​វ៉ាស៊ីន​តោន​បានដាក់ទណ្ឌកម្មជាច្រើនលើកប្រឆាំងនឹងទីក្រុងមូស្គូ ដោយបានហៅប្រទេស​រុស្ស៊ីថា ​ជាសត្រូវរបស់សហរដ្ឋអាមេរិក ដែលទីក្រុងមូស្គូបានរិះគន់៕

(ប្រភពSputnik: បកប្រែដោយលោក មាស សំអុល)