អ្នកជំនាញអូស្រ្តាលីសង្កត់ធ្ងន់ចំពោះតម្រូវការនៃការជំទាស់ ប្រឆាំងទៅនឹងការរំលោភបំពានសន្ធិសញ្ញា UNCLOS

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩​ — អ្នកជំនាញជនជាតិអូស្រ្តាលីម្នាក់ បាននិយាយនៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាអំពីការរំលោភបំពានជាបន្តបន្ទាប់របស់ចិននៅក្នុងដែនសមុទ្ររបស់វៀតណាមថា សមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ត្រូវតែប្រកាន់ខ្ជាប់នូវអនុសញ្ញានេះ និងជំទាស់ទៅនឹងការរំលោភបំពានលើឯកសារនេះ។

ប្រទេសចិនបានដាក់ពង្រាយក្រុមនាវាស្ទាបស្ទង់របស់ខ្លួនឈ្មោះ Haiyang Dizhi 8 ទៅកាន់តំបន់ថ្មប៉ប្រះទឹក Tu Chinh (ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា ជា Vanguard Bank) នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសវៀតណាម ដោយបានបង្កើនភាពតានតឹងនៅសមុទ្រខាងកើត។

សាស្ត្រាចារ្យ Bec Strating ជាសាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃផ្នែកនយោបាយ និងទស្សនវិជ្ជា នៅសាកលវិទ្យាល័យ La Trobe ប្រទេសអូស្ត្រាលី បាននិយាយថា UNCLOS ឆ្នាំ១៩៨២ មានសារៈសំខាន់ជាពិសេសចំពោះបណ្តាប្រទេសនៅតំបន់ឆ្នេរអាស៊ីអាគ្នេយ៍ ព្រោះវាផ្តល់ឱ្យពួកគេនូវក្របខ័ណ្ឌច្បាប់ស្តីពីសិទ្ធិទៅលើការធ្វើអាជីវកម្មធនធានសមុទ្រ និងធនធានថាមពល ក៏ដូចជាសិទ្ធិជាច្រើនទៀត។

លោកស្រីបាននិយាយថា ដូច្នេះប្រទេសនានាត្រូវតែគោរពតាម UNCLOS ឆ្នាំ១៩៨២ ហើយជំទាស់ទៅនឹងការរំលោភបំពានទៅលើឯកសារនេះ។

យោងតាមសាស្រ្តាចារ្យរូបនេះបានឱ្យដឹងថា សមុទ្រខាងកើត គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសជាច្រើន ដូច្នេះក្នុងកាលៈទេសៈទាំងអស់ ប្រទេសទាំងអស់ត្រូវគាំទ្រ និងការពារគោលការណ៍ពាណិជ្ជកម្មសេរី និងនាវាចរណ៍។

លោកស្រី Strating ក៏បានបញ្ជាក់នូវការវាយតម្លៃខ្ពស់ផងដែរនូវវិធានការដែលវៀតណាមបាននឹងកំពុងធ្វើដើម្បីការពារអធិបតេយ្យភាព និងយុត្តាធិការនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងធានាភាពជាដៃគូជាមួយបណ្តាប្រទេសដែលចង់រក្សាវិធានច្បាប់មូលដ្ឋានសមុទ្រ។

លោកស្រីបាននិយាយបន្ថែមទៀតថា ប្រទេសវៀតណាមក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចា ស្តីពីក្រមសីលធម៌របស់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)