វៀតណាមចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៥ នៅប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung កំពុងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៥ (EEF) ដែលបានធ្វើពិធីបើកនៅទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី។

ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈប្រតិភូប្រមាណ ៨.០០០នាក់ មកពីជាង ៥០ប្រទេសនៅ ទូទាំងពិភពលោក និងមានសកម្មភាពជិត ៥០ ។

ខ្លឹមសារសំខាន់នៃវេទិការយៈពេល៣ថ្ងៃនេះ នឹងមានសម័យប្រជុំពេញអង្គនៅថ្ងៃទី០៥ ខែកញ្ញា ដោយមានការចូលរួមពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីម៉ុងហ្គោលី លោក Khaltmaagiin Battulga នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ។

កម្មវិធីធុរកិច្ចរបស់ EEF លើកទី៥ នេះ ផ្តោតសំខាន់ទៅលើប្រធានបទចំនួន៤ ដែលជាដំណោះស្រាយថ្មីក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច កែលំអបរិយាកាសធុរកិច្ច ជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងដំណោះស្រាយថ្មីៗដើម្បីលើកកម្ពស់គុណភាពជីវិត។

EEF ត្រូវបានបង្កើតឡើងដោយក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅចុងបូព៌ារបស់ប្រទេសរុស្ស៊ី និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កាលពីព្រឹត្តិការណ៍លើកទី៤ ក្នុងឆ្នាំ២០១៨ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២២០ ដែលមានទឹកប្រាក់សរុប ៤៥ប៊ីលានដុល្លារអាម៉េរិក។

យោងតាមគេហទំព័ររបស់វេទិកានេះបានឱ្យដឹងថា ប្រទេសចំនួន ១៧ ផ្សេងគ្នា បានវិនិយោគនៅចុងបូព៌ា ក្នុងនោះរួមមានចិន, ជប៉ុន ,សាធារណរដ្ឋកូរ៉េ ,អូស្ត្រាលី, នូវែលសេឡង់ និងវៀតណាមផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)