កិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានស្តីពីថាមពល និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៧ (AMEM 37) បានបើកជាផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ ដោយផ្តោតសំខាន់ទៅលើ «ការជំរុញការផ្លាស់ប្តូរថាមពលតាមរយៈភាពជាដៃគូ និងការច្នៃប្រឌិតថ្មី»។

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Dang Hoang An ស្ថិតក្នុងចំណោមរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសជាដៃគូចំនួន៨ (ចិន ,ជប៉ុន ,សាធារណរដ្ឋកូរ៉េ ,អូស្ត្រាលី ,ឥណ្ឌា, នូវែលហ្សេឡង់ ,សហរដ្ឋអាមេរិក និង រុស្ស៊ី) ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ។

ថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍នោះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់ អូ-ចា បាននិយាយថាតំបន់អាស៊ានកំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុងវិស័យថាមពល។

លោកបានកត់សម្គាល់ថា តម្រូវការថាមពលនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានបានរីកចម្រើនយ៉ាងឆាប់រហ័ស រួមជាមួយកំណើនសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍សង្គម។ លោកបាននិយាយបន្ថែមថា ចំណុចនេះធ្វើឱ្យថាមពលកកើតឡើងវិញ ទំនងជានឹងក្លាយជាប្រភពថាមពលដ៏សំខាន់នាពេលអនាគតដ៏ខ្លីខាង មុខ។

នាយករដ្ឋមន្រ្តីបាននិយាយថា ការអភិវឌ្ឍទីផ្សារថាមពល ការវិនិយោគលើថាមពល និងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលនាពេលអនាគត សម្រាប់ឥន្ធនៈផូស៊ីល និងថាមពលផ្សេងទៀត គឺមានសារៈសំខាន់ណាស់ចំពោះសន្តិសុខថាមពលក្នុងតំបន់។

កិច្ចប្រជុំឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកញ្ញា ផ្តោតសំខាន់ទៅលើកិច្ចពិភាក្សារបស់ខ្លួនលើការអភិវឌ្ឍបច្ចេកវិទ្យា នឹងជំរុញការច្នៃប្រឌិតនៅក្នុងវិស័យថាមពល ដើម្បីធ្វើឱ្យអាស៊ានកាន់តែមានភាពធន់ទ្រាំនៅក្នុងយុគសម័យនៃការផ្លាស់ប្តូរថាមពល ដោយផ្លាស់ប្តូរពីឥន្ធនៈផូស៊ីលទៅជាថាមពលស្អាត និងប្រកបដោយនិរន្តរភាពនាពេលអនាគត។

កិច្ចប្រជុំរបស់មន្រ្តីជាន់ខ្ពស់វិស័យថាមពលអាស៊ាន ដែលបានធ្វើឡើងកាលពីថ្ងៃទី០២ និងទី០៣ ខែកញ្ញា បានរៀបចំធាតុនៅក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ AMEM ៣៧ ។ វេទិកាធុរកិច្ចថាមពលអាស៊ាន (AEBF) ក៏កំពុងប្រព្រឹត្តទៅផងដែរចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកញ្ញា នៅខាងក្រៅព្រឹត្តិការណ៍នេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)