កូរ៉េខាងត្បូង និងឡាវនឹងបើកកិច្ចប្រជុំកំពូល ស្តីពីភាពជាដៃគូធុរកិច្ច

AKP ភ្នំពេញ  ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ — ប្រធានាធិបតីកូរ៉េខាងត្បូងលោក  មូន ចេអ៊ីន នឹងហោះហើរទៅកាន់ទីក្រុងវៀងចន្ទន៍ ​ប្រទេសឡាវនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាគ្នាអំពីមធ្យោបាយនានា ក្នុងការជំរុញកិច្ច​សហប្រតិបត្តិការទ្វេភាគី។

លោក មូន នឹងក្លាយជាប្រធានាធិបតីទីមួយ របស់កូរ៉េខាងត្បូង ក្នុងការធ្វើទស្សនកិច្ចផ្លូវ​រដ្ឋ​នៅ​ប្រទេសឡាវ ដែលបានឆ្លុះបញ្ចាំងពីការចុះហត្ថលេខារបស់លោក នូវគោលនយោបាយ​ថ្មី​​ភាគខាងត្បូង។

លោក មូន គ្រោងនឹងជួបប្រជុំគ្នាទៅវិញទៅមកជាមួយលោកប្រធានាធិបតីលោក​ Bounnhang Vorachith និងនាយករដ្ឋមន្រ្តីលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)។

របៀបវារៈសំខាន់ គឺភាពជាដៃគូលើវិស័យថាមពលវារីអគ្គិសនី អាយស៊ីធី និងភូមិ​កសិកម្ម។ ប្រទេសឡាវត្រូវបានគេដាក់រហស្សនាមថា ជា «អាគុយនៃអាស៊ីអាគ្នេយ៍ »សម្រាប់​ធនធានទឹកដ៏សម្បូរបែបរបស់វាចេញពីទន្លេមេគង្គ។ ជាមួយគ្នានេះដែរ​នឹងត្រូវពិភាក្សាអំពីវិធី​ធ្វើកិច្ចសហប្រតិបត្តិការលើសន្តិភាពក្នុងតំបន់ ខណៈដែលនាយករដ្ឋមន្ត្រីឡាវ ត្រូវបានគេរំពឹង​ថា​ នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្រទេសចំពោះដំណើរការសន្តិភាពកូរ៉េ។

ជាមួយនឹងដំណើរទៅប្រទេសឡាវ លោក មូន នឹងរក្សាការសន្យារបស់លោកថា នឹងធ្វើ​ទស្សនកិច្ចនៅប្រទេសជាសមាជិកអាស៊ានទាំង១០ ក្នុងអំឡុងពេលដែលលោកធ្វើជាប្រធានា​ធិបតី។

ប្រទេសឡាវ គឺជាជើងចុងក្រោយនៃដំណើរទស្សនកិច្ចប្រចាំសប្តាហ៍របស់លោក​ក្នុង​តំបន់ ដែលបាននាំលោកទៅប្រទេសថៃ និង មីយ៉ាន់ម៉ាផងដែរ។

លោក មូន កំពុងស្វែងរកមូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំកំពូលពិសេសរបស់លោក ជាមួយសមភាគីមកពីប្រទេសជាសមាជិកអាស៊ាននៅថ្ងៃទី២៥-២៦ ខែវិច្ឆិកាខាងមុខ ដើម្បី​អបអរ​សាទរខួបលើកទី៣០ នៃប្រទេសកូរ៉េខាងត្បូង និងអាស៊ាន ដែលបានបង្កើត​កិច្ចពិភាក្សា​ផ្លូវការរបស់ពួកគេ។

នៅថ្ងៃបន្ទាប់ លោកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដាច់ដោយឡែកមួយ នៅ​ទី​នោះ ជាមួយសមភាគីរបស់លោកមកពីបណ្តាប្រទេសអាស៊ានចំនួន៥ នៅជុំវិញទន្លេមេគង្គ​ គឺប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ។ ជនជាតិកូរ៉េខាងត្បូងច្រើនជាង ១៧៤.០០០នាក់ ធ្វើដំណើរ​ទៅប្រទេសឡាវជារៀង​រាល់​ឆ្នាំ៕

(ប្រភពយន់ហាប់: បកប្រែដោយលោក មាស សំអុល)