រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ រថយន្ដដឹកលើសទម្ងន់កំណត់នៅតែបន្ដមាន ជាពិសេស​រថយន្ដ​​ដឹក​ស៊ីម៉ង់ដែលដឹកលើសចាប់ពី២០តោន ឡើងទៅ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា បច្ចុប្បន្ននេះ​ រថយន្ដដឹកលើស​ទម្ងន់កំណត់នៅតែបន្ដកើតមាន ជាពិសេសឡានដឹកស៊ីម៉ង់របស់ក្រុមហ៊ុនដែលដឹកលើស ទម្ងន់​ចាប់​​ពី​​២០តោន ៣០តោន ហើយក្រុមហ៊ុនខ្លះទៀតផ្ទុករហូតដល់ជាង១០០តោន ខណៈ ផ្លូវថ្នល់អាចអនុញ្ញាតឱ្យដឹកទំនិញបានត្រឹមតែ៤០តោនប៉ុណ្ណោះ។ ការលើកឡើងរបស់ ឯកឧត្ដម​រដ្ឋ​មន្រ្ដីនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​កក្កដា ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការ​ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន​បានគូសបញ្ជាក់ថា ការដឹកលើសទម្ងន់នេះ គឺនៅតែបន្ដកើតមាន ជាពិសេសរថយន្ដដឹកស៊ីម៉ង់​របស់​ក្រុមហ៊ុន ដែលចេញពីរោងចក្រផ្ទាល់តែម្ដង។ ឯកឧត្ដមបន្ដថា ដើម្បីកុំឱ្យ​ក្រសួងសាធារ​ណការ និងដឹកជញ្ជូនអង្គុយតែបក់ផ្សែង ឬត្រួតពិនិត្យរថយន្ដដឹកលើសទម្ងន់​កំណត់​ទាំងនេះ​បន្ដទៀតនោះ ក្រសួងនឹងមានវិធានការដោយគ្រោងយកជញ្ជើងថ្លឹងរថយន្ដចល័ត ដាក់ចាំថ្លឹង​រថយន្ដដឹកស៊ីម៉ង់នៅខាងមុខរោងចក្រ ឬដែលចេញពីក្រុមហ៊ុនតែម្ដង។ ឯកឧត្ដមរដ្ឋមន្រ្ដីបាន​បន្ដទៀតថា ជាវិធានការបន្ទាប់ទៀតគឺត្រូវហៅម្ចាស់ក្រុមហ៊ុនដឹកស៊ីម៉ង់ទាំងអស់​មកជួប​ប្រជុំ​ជជែកគ្នាឱ្យបានច្បាស់លាស់ជាមួយក្រសួង ប្រសិនបើនៅតែបន្ដដឹកលើសទម្ងន់​កំណត់​នោះ។ ឯកឧត្ដមក៏បានអំពាវនាវសូមឱ្យក្រុមហ៊ុនស៊ីម៉ង់ទាំងអស់ កុំដឹកស៊ីម៉ង់ ឬផ្ទុកលើស​ទម្ងន់​​កំណត់ ដែលច្បាប់ហាមឃាត់ ហើយការដឹកលើសទម្ងន់កំណត់នេះ បង្កឱ្យខូចខាត​ផ្លូវថ្នល់ និងធ្វើឱ្យកកស្ទះចរាចរណ៍ ព្រមទាំងបង្កជាគ្រោះថ្នាក់ចរាចរណ៍ថែមទៀត។

យោងតាមរបាយការណ៍របស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោក បានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ខេត្ដ បានត្រួតពិនិត្យយានយន្ដទូទាំងរាជធានី ខេត្ដប្រចាំខែកក្កដា ឆ្នាំ២០១៩ ដោយ បានត្រួតពិនិត្យសរុបចំនួន១៨.៣៧៨គ្រឿង ក្នុងនោះបានកាត់ទ្រុងចំនួន៦៦គ្រឿង បានដោះ រានតក្រោយរថយន្ដចំនួន៣៤គ្រឿង រថយន្ដគ្មានផ្លាកលេខចំនួន២៦គ្រឿង និងបានណែនាំ រថយន្ដដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន៧៣គ្រឿង។

លោកជំទាវបានបន្ដថា ក្រុមការ​ងារត្រួតពិនិត្យ និងរឹតបន្ដឹងការអនុវត្ដច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅលើគោលដៅដើមទី​ក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអនុវត្ដការងារក្នុងខែកក្កដា ឆ្នាំ២០១៩ ដោយបានត្រួតពិនិត្យយានយន្ដសរុប២.១១៣គ្រឿង ក្នុងនោះ មានរថយន្ដត្រឹម​ត្រូវ​ចំនួន២.០២៥គ្រឿង ស្មើនឹង៩៦ភាគរយ និងរថយន្ដល្មើសចំនួន៨៨គ្រឿង ស្មើនឹង៤​ភាគរយ៕

ដោយ អ៊ុន រិទ្ធី