រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី២៥ នៅក្នុងខេត្ដរតនគិរី

AKP រតនគិរី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩​ — ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុង ទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោកលើកទី២៥ ឆ្នាំ២០១៩ ក្នុងខេត្តរតនគិរី ដែលរដ្ឋបាលខេត្ត​ប្រារព្ធធ្វើនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្រោមប្រធានបទ “ភាសាជនជាតិ​ដើមភាគតិច” កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តម អ៊ុក រ៉ាប៊ុន  បានមានប្រសាសន៍នូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលលោកទាំងពីរតែង​តែគិតគូរពីជីវភាព សុខភាព សុវត្ថិភាព និងសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការប្រារព្ធទិវានេះ គឺសំដៅ​រួមចំណែកលើក​កម្ពស់ តម្លៃ​​ សីលធម៌ វប្បធម៌ ប្រពៃណី ដ៏ល្អផូរផង់ និងដើម្បីបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលបាន​​ និងកំពុងយកចិត្តទុកដាក់ទៅលើបងប្អូនជនជាតិដើមភាគតិច ក្នុងការផ្ដល់ឱកាស និងសិទ្ធិ​សេរីភាព ការបញ្ចេញមតិយោបល់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ម៉្យាងទៀត រាជរដ្ឋាភិបាល​បន្តលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចក៏ដូចជាប្រជាជនទូទាំងប្រទេសតាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរួមមានវិស័យមួយចំនួនជាការទទួលខុស​ត្រូវ​របស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការកសាងហេដ្ឋារចនាសម័្ពន្ធផ្លូវជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការថែទាំសុខភាពជាមូលដ្ឋាន ការផ្តល់ឥណទានជនបទដើម្បីផ្តល់ លក្ខ​ខណ្ឌនៃការរស់នៅរបស់បងប្អូននៅទីជនបទឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្រ្ដី​ក៏បាន​ស្នើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូជាតិ អន្តរជាតិ សហគមន៍ និងប្រជា​ពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាថែរក្សា ការពារ ប្រពៃណី​ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ អត្តសញ្ញាណ របស់បងប្អូនជនជាតិ ដើម​ភាគតិច ប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ដែលបងប្អូនរស់នៅ។

សូមបញ្ជាក់ដែរថា នៅទូទាំងពិភពលោកមានជនជាតិដើមភាគតិចជាង៣៧០លាន នាក់ នៅ៩០ប្រទេស ក្នុងនោះកម្ពុជាជាប្រទេសចំណាស់មួយដែលមានជនជាតិដើមភាគ​តិច​ចំនួន ២៤ ក្រុមដែលមានអំបូរខុសៗគ្នាចំនួន២៧៦.៨៧៨នាក់ (២០១៥) ក្នុងខេត្តទាំង១៥ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិត​ទទួល​ស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន១៤៦សហគមន៍ ក្នុងចំណោមជន ជាតិដើម​ភាគតិចសរុបចំនួន៤៥៥សហគមន៍។ ដោយឡែក ក្រសួងមហាផ្ទៃបានចេញលិខិត ទទួលស្គាល់សហគមន៍ជនជាតិដើមភាគតិចជានីតិបុគ្គលបានចំនួន១៣៩សហគមន៍ ក្នុងនោះ សហគមន៍ចំនួន២៤ បានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពពីក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ និងសុរិយោដីរួចហើយផងដែរ៕

ដោយ ណយ នឿន (ប្រភព៖មន្ទីរព័ត៌មាន​ខេត្ត រតនគិរី)