អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យមើលទីទួល សុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ

AKP កំពង់ចាម ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ — ដើម្បីត្រៀមលក្ខណៈជួយសម្រួលដល់គ្រួសារបស់ប្រជាពលរដ្ឋដែលប្រឈម និងរងគ្រោះ ដោយការជន់លិចទឹកជំនន់ទន្លេមេគង្គនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិ​បាល​ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត ចុះពិនិត្យមើលទីទួល​សុវត្ថិភាពដែលជាកន្លែងត្រៀមសម្រាប់ស្នាក់នៅប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គជន់លិចផ្ទះសម្បែងអាចមកស្នាក់នៅជាបណ្តោះអាសន្ននៅលើទីទួលសុវត្ថិភាពទាំងនេះ។ក្នុងការចុះទៅពិនិត្យ  មានទីទួលសុវត្ថិភាពនេះ បានធ្វើឡើងឡើង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងទីទួលបេង ភូមិកំពុងសំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ព្រមទាំងមានទីទួលសុវត្ថិភាពជាច្រើនកន្លែងទៀត ដើម្បីត្រៀមរៀបចំបង្ការជួយ​សង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងការស្នាក់នៅ និងសត្វចិញ្ចឹម ជាដើម ខណៈ កម្ពស់ទឹកទន្លេ មេគង្គ ខេត្តកំពង់ចាមកំពុងតែហក់ឡើងជាបន្តបន្ទាប់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់គ្រប់មន្ទីរ​អង្គភាពទាំងអស់ក្នុងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រុង ស្រុក ឃុំនៅតាមមូលដ្ឋាន ត្រៀមរៀបចំការឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយ ដូចជាសម្ភារ បរិក្ខារ មធ្យោបាយទូក កាណូត  ធនធានមនុស្ស ថ្នាំដង្កូវ និងការធានាសន្តិសុខជូនប្រជាពលរដ្ឋនៅតាមទីទួល សុវត្ថិភាពឱ្យបានល្អ។   ឯកឧត្តមអភិបាលខេត្តបាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែល​រង​គ្រោះដោយទឹកជំនន់សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាសុខភាព និងការរស់នៅ ពិសេសអ្នកនៅតាមដងទន្លេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបាក់ស្រុតនៃច្រាំងទន្លេ ។ ក្នុងករណីមានបាតុភូតបាក់ស្រុតកើតឡើង ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បី​ឱ្យ​អាជ្ញាធរចុះជួយអន្តរាគមន៍ ទាន់ពេលវេលាបញ្ចៀសការគ្រោះថ្នាក់ដែលអាចកើតឡើង។

ឯកឧត្តមអភិបាលខេត្ដបានលើកឡើងថា ក្នុងរដូវទឹកឡើងតែងតែសម្បូរនៅសត្វ​អាសិរពិសគ្រប់ប្រភេទមកតាមទឹកដូចនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅអាច មានគ្រោះថ្នាក់ជាយថាហេតុណាមួយចំពោះក្មេងតូចៗដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ឬសត្វអាសិរពិសចឹក ឬខាំ ទិចបើមានជួបបញ្ហាទាំងនេះ ត្រូវនាំអ្នករងគ្រោះមកកាន់ មណ្ឌល សុខភាព ឬមន្ទីរពេទ្យណាដែលនៅជិតឱ្យបានទាន់ពេលវេលាចៀសវាង​ការគ្រោះថ្នាក់ដល់​អាយុជីវិតកូនចៅ ៕

ដោយ ឆាយ ម៉ុត