តំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង នៅស្រុកបាណន់ ខេត្ដបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបាណន់ និងឯកឧត្ត ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង មាន៦ បន្ទប់ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅ ស្រុកបាណន់ ខេត្ដបាត់ដំបង។ ពិធីនេះ បានធ្វើឡើង កាលពីថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសន្តិ​បណ្ឌិត សុខ ផល ដែលតែងតែគិតគូរ ដោះបញ្ហាប្រឈមផ្សេងៗ ជាពិសេសការដោះស្រាយ នូវ​សំណូមពររបស់ប្រជាពលរដ្ឋ និងជួយកសាងនូវសាលារៀន ដែលជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ឯកឧត្តមក៏បានលើកឡើងអំពីបញ្ហាដីធ្លី ដែល កន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលុងខ្លួនចាញ់បោកជនខិលខូចមួយចំនួន ដែល តាំងខ្លួន​ជាអ្នកបែងចែកដី ដោយដីមានប័ណ្ណកម្មសិទ្ធិរួចមកហើយមកលក់ក្នុងតម្លៃធូរថ្លៃ ដែល​បងប្អូនប្រជាពលរដ្ឋរបស់យើងទៅទិញដីនោះ ទើបក្លាយជាទំនាស់ដីធ្លី។ ឯកឧត្តមអភិបាល​ខេត្ដ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មុននឹងទិញដីធ្លីត្រូវសាកសួរមេភូមិ និងមេឃុំ ឱ្យច្បាស់លាស់មុនទិញដីនោះ ដើម្បីចៀសវាងការមានទំនាស់ដីធ្លីកើតឡើង។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការ និងកំណើនសិស្សជារៀងរាល់ឆ្នាំ តាមការចាំបាច់ និងឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋាន សម្តេចក្រឡាហោម ស ខេង ក៏បាសម្រេចផ្តល់អគារសិក្សា១ខ្នងនេះ​ជូនដល់ឃុំកន្ទឺ១​បន្ថែម​ទៀត សម្រាប់ឱ្យសិស្សបានចូលរៀនកាន់ច្រើនឡើង។ ឯកឧត្ដមបានបញ្ជាក់ថា រាជរដ្ឋាភិ​បាល​កម្ពុជា តែងតែបានយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស តាមរយ:ក្រសួងអប់រំ​យុវជន និងកីឡា ដោយបានបើកទូលាយក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត ឱ្យ​មាន​ឱកាសចូលរៀននៅតាមវិទ្យាស្ថានបច្ចេកទេសជំនាញនានា និងសាកលវិទ្យាល័យផ្សេងៗ ដើម្បីជំរុញឱ្យសិស្សនិស្សិត យើងទាំងអស់ខិតខំរៀនទៅតាមកម្រិត និងលទ្ធភាពដែលអាច​ធ្វើបាន និងមានចំណេះដឹងសម្រាប់ធ្វើការងារ មានមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅពេល​អនាគត។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអ​ស់នាំគ្នាចូលរួម​អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដូចជាបទល្មើសផ្សេងៗ ករណីគ្រឿងញៀន និងពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នាដើម្បីការពារអាយុជីវិតខ្លួនឯង ព្រោះអត្រា ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរ គឺមានការកើនឡើងជាងការស្លាប់ដោយគ្រោះ​ថ្នាក់ដោយ​សាររឿងផ្សេងទៀតដូចនេះដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា អគារសិក្សា១ខ្នងនេះ ត្រូវកសាងឡើងដោយចំណាយថវិកាប្រមាណ ៧ ម៉ឺនដុល្លារអាម៉េរិក ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅអនុវិទ្យាល័យកន្ទឺ១ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលផ្តល់ជូនតាមរយៈ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)