អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចុះពិនិត្យស្ថានភាពទឹកជំនន់​ទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១គណៈ​កម្មាធិ​ការ​ជាតិគ្រប់ គ្រងគ្រោះមហន្ដរាយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ​នៅ​ក្នុងខេត្តក្រចេះ និងអមដំណើរពីសំណាក់ ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយមន្រី្តពាក់ព័ន្ធ និងអាជ្ញាធរខេត្ដមួយចំនួនទៀត ។ការចុះពិនិត្យនេះ ធ្វើឡើង កាលពី​រសៀលថ្ងៃពុធ ៦ កើត ខែ ភទ្របទ ឆ្នាំ កុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០១៩ ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​គ្រប់​គ្រងគ្រោះមហន្តរាយខេត្តបានឱ្យដឹងថា គ្រប់វិធានការទាំងអស់ រដ្ឋបាលខេត្ត​បានត្រៀម​លក្ខណៈ​រួចរាល់ដើម្បីទប់ស្កាត់គ្រោះភ័យនៃគ្រោះមហន្តរាយដែលកើតឡើង​ដោយទឹក​ជំនន់​ទន្លេមេគង្គកំពុងហក់ឡើងគួឱ្យបារម្ភ។ ឯកឧត្ដមអភិបាលខេត្តបានបន្ដថា វិធានការបន្ត​គឺការ​អនុវត្តការចុះអន្តរាគមន៍ដោយប្រើប្រាស់កម្លាំង មធ្យោបាយ​និងធនធានដែលមានស្រាប់ ដើម្បីជួយប្រជាពលរដ្ឋ។ ឯកឧត្ដមអភិបាលខេត្ដបន្ដទៀតថា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៩នេះ​​​ ក្នុងកម្រិតកម្ពស់ទឹកទន្លេមេគង្គដែលពិនិត្យឃើញនៅស្ថានីយជលសាស្ត្រខេត្ត​ក្រចេះមានកម្ពស់ ២០.៨៩ ម៉ែត្រ ដែលកម្រិតកម្ពស់ទឹកត្រូវប្រកាសអាសន្ននៅខេត្តក្រចេះគឺ ២២ ម៉ែត្រ ។ ទន្ទឹមនេះ បញ្ហាជំនន់ទន្លេមេគង្គនេះ បានប៉ះពាល់ផ្ទៃដីស្រូវរដូវវស្សាចំនួន ១២៣ ហិកតា ដំណាំរួមផ្សំចំនួន៤៥៣ ហិកតា ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវលំចំនួន ៧ ខ្សែ ប្រវែង ៣.០០០ម៉ែត្រ និង វិស័យសង្គមកិច្ច ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២១៤ ខ្នងផ្ទះ ជម្លៀសគោ ក្របីបានចំនួន១.៣៦៥ក្បាល ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងជួយចាក់វ៉ាក់​សាំងគោក្របីរបស់ប្រជាពលរដ្ឋបានចំនួន៥១៦ក្បាលផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា ក្នុងនាមជាសេនាធិការ​ផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេច​ទាំងពីរតែងតែខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋដោយក្តីព្រួយបារម្ភបំផុត។ ឯកឧត្ដមទេស​រដ្ឋមន្រ្តីក៏បានបញ្ជាឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ត្រៀមលក្ខណៈឱ្យបានរួចរាល់​ដើម្បីអន្តរាគមន៍សង្រ្គោះ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បាន​ជំរុញឱ្យអាជ្ញាធរខេត្ត ត្រូវធ្វើរបាយការណ៍ឱ្យបានលម្អិត ជាក់ស្តែង ពិសេសត្រូវត្រៀមផែនការ​គ្រប់គ្រងគ្រោះមហន្តរាយ ត្រូវត្រៀមទីទួលសុវត្ថិភាព មធ្យោបាយ សម្ភារ ការត្រៀមកម្លាំង សម្រាប់ជួយអន្តរាគមន៍ដោយការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់។

សូមបញ្ជាក់ថា ស្ថានភាពកម្រិតកម្ពស់ទឹកនៅស្ថានីយជលសាស្រ្តខេត្តក្រចេះ នាព្រឹក​ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ ទឹកបានឡើងដល់កម្ពស់ ២១.៦៧ ម៉ែត្រ​និងនៅតែបន្តប​ឡើងថែមទៀត៕

ដោយ ជួន សុជាតិ