រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមលើកគម្រោងបង្កើតផ្លូវថ្មើរជើងថ្មីដើម្បីបំរើដល់វិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា ហុកសុខរិន ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩៖

 រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមលើកគម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មីមួយកន្លែងក្នុងរាជធានីភ្នំពេញស្របតាមដងទន្លេសាបដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
អាជ្ញាធររាជធានីភ្នំពេញសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះសិក្សាពីបញ្ហាផ្សេងៗជុំវិញគម្រោងបង្កើតផ្លូវថ្មើរជើងដែលចេញពីមុខប្រៃសណីយ៍កម្ពុជាឆ្ពោះទៅតំបន់មុខព្រះបរមរាជវាំងនៅពេលឆាប់ៗនេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់សាលារាជធានីនៅព្រឹកថ្ងៃទី៥ខែកញ្ញានេះ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះនឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរអោយដើរស្រូបយកខ្យល់អាកាសល្អបរិសុទ្ធនិងទស្សនាទេសភាពទន្លេ៤មុខដ៏ស្រស់ត្រកាលដោយគ្មានប្រទេសណាមានដូច។ ឯកឧត្តមអភិបាលបានណែនាំដល់ក្រុមការងារអោយសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែងចំណតយានយន្តអោយបានត្រឹមត្រូវ ដើម្បីអោយកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ។
កន្លងមកនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអោយដឹងថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះអាចបង្កើត ឡើងក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យហើយមិនអនុញ្ញាតិអោយមានយាន្តជំនិះផ្សេងៗឆ្លងកាត់ឡើយគឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។ ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលចង់បង្កើតផ្លូវថ្មើរជើងនេះ ដើម្បីបង្អួតភ្ញៀវទេសចរពី ចំណុចពិសេសនៃ រាជធានីភ្នំពេញគឺមានទេសភាពនៃចំណុចប្រសព្វទន្លេ៤ដ៏ស្រស់ស្អាតដែលទីទាក់ទាញដ៏ខ្លាំង។
សូមបញ្ជាក់ថា គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះនឹងធ្វើឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។