អាជ្ញាធរក្រុងស្ទឹងត្រែងនិងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តចាប់ផ្ដើមច្រកខ្សាច់ ទប់ការពារថ្នល់ជាតិកុំឱ្យទឹកហូរច្រោះ

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ានគឹមហឿន ខេត្តស្ទឹងត្រែង៖
អាជ្ញាធរក្រុងសហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្តប្រមាណ៣០០នាក់ បានរៀបចំច្រកខ្សាច់ទប់កុំឱ្យទឹកហូរច្រោះខូចផ្លូវជាតិនិងកុំឱ្យហូរចូលក្រុងលឿន ដើម្បីទុកឱកាសឱ្យប្រជពលរដ្ឋដឹកជញ្ជូនសម្ភារៈទៅរកកន្លែងមានសុវត្ថិភាព។
លោកសាយកុសលអភិបាលក្រុងបានបញ្ជាក់ថា៖សកម្មភាពច្រកខ្សាច់ទប់ទឹកហូរឆ្លងកាត់ផ្លូវជាតិនៅភូមិបាចុងសង្កាត់ព្រះបាតក្រុង ស្ទឹងត្រែងកាលពីថ្ងៃទី០៤កញ្ញានេះដោយសារតែកម្ពស់ទឹកបានឡើងហួសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ហើយមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុង និងកំណាត់ផ្លូវជាតិមួយចំនួន ទឹកបានហូរឆ្លងកាត់ តម្រូវឱ្យប្រជាពលរដ្ឋយើងលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់។ លោកបន្តថា៖គ្រោះមហន្តរាយទឹកជំនន់នេះ បង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋរស់នៅតាមភូមិជាប់តាមដងទន្លេមេគង្គ ទន្លេសាសាន- ទន្លេសេកុង- ទន្លេស្រែពក – ធ្វើឲ្យផលដំណាំមួយចំនួនត្រូវលិចលង់ ហើយប្រជាពលរដ្ឋមួយចំនួនក៏ត្រូវជម្លៀសចេញពីផ្ទះសំបែង ចំណែកអាជ្ញាធរក៏បានធ្វើ
អន្តរាគមន៍គ្រប់យ៉ាង ទប់ស្កាត់ និងរៀបចំ ជាប្រពន្ធ័ការពារនៅតាមមាត់ច្រាំងទន្លេផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តមានប្រសាសន៍ថា៖ កងកំលាំងប្រដាប់អាវុធទាំង៣តែងតែចូលរួមគ្រប់សកម្មភាព ដើម្បីជួយសំរួលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងពេលដែលមានគ្រោះមហន្តរាយកើតឡើង។ លោកមានប្រសាសន៍បន្តថាៈ កាលពីឆ្នាំ២០១៨ កំលាំងប្រតិបត្តិការសឹងបានអនុវត្ត ជោគជ័យលើកការងារសង្គ្រោះនៅស្រុកសៀមប៉ាង ពីគ្រោះមហន្តរាយទឹកជំនន់នេះម្តងរួចមកហើយ ។ លោកឧត្តមសេនីយ៍ត្រីបានអំពាវនាវទៅដល់កងកំលាំងប្រដាប់អាវុធទាំងអស់ នៅតាមមូលដ្ឋានត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរ ចុះធ្វើកិច្ចការងារសង្គម ផ្សេងៗទៀត ដើម្បីយើងប្រមូលកំលាំងគ្នា ជួយសំរួលការលំបាកដល់ប្រជាពលរដ្ឋ ក្នុងពេលដែលពួកគាត់កំពុងជួបការលំបាក។
សូមបញ្ជាក់ថា៖ស្ថានភាពទឹកជំនន់មេគង្គឡើងដល់កម្ពស់ជាង១១ម៉ែត្រ បានគំរាមគំហែងមូលដ្ឋានរស់នៅប្រជាពលរដ្ឋនៅតាមដងទន្លេទាំងបី មានចំនួន៨១ភូមិ ផ្លូវជាតិ ផ្លូវលំ មួយចំនួន ទឹកហូតកាត់ផ្តាច់ការធ្វើចរាចរណ៍និងបានបង្ខំឱ្យប្រជាពលរដ្ឋ ជម្លៀសទៅរកទីទួលសុវត្ថិភាពផងដែរ។
ចំណែកអាជ្ញាធរក្រុងមន្ត្រីរាជការបានច្រកបាវខ្សាច់ទប់ទឹកហូរកាត់ផ្លូវបានប្រវែងជិត៣រយម៉ែត្រដើម្បីកុំឱ្យទឹកហូរខ្លាំងបង្កឱ្យខូចផ្លូវជាតិ។