ឯកឧត្តម ហ៊ុន ម៉ានី សំណេះសំណាល​ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបាន​ចូលរួមប្រតិបត្តិការជួយសង្គ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ —  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌  និងទេសចរណ៍ នៃរដ្ឋសភា រួមជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួង​បរិស្ថាន និងជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងថ្លែង អំណរ​គុណ​ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្ត និងសប្បុរសជនដែល​បាន​ចូល​រួម​​ប្រតិ​បត្តិការរុករកជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារ​នៅក្នុង​ខេត្ត​ព្រះសីហនុ ។ ពិធីនេះ បានធ្វើឡើង នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។   

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលស្តែងចេញពីឧបទ្ទវហេតុ នៃការរលំអគារ កាលពីថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០១៩ កន្លងមក ដែលមានក្រុមការងារស្ថាប័នទាំងអស់សរុបជាង ១០ស្ថាប័ន​មក​រួមគ្នា សហការរួមគ្នា រួមជាកម្លាំងរួមផ្សំគ្នា បានបង្ហាញពីការចូលរួមរបស់ប្រជាជនខ្មែរ មិនថា​មកពីទីណា ដើម្បីរំដោះ និងការរុករកជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។ ឯកឧត្ដមបាន​បញ្ជាក់ថា សកម្មភាពជួយសង្គ្រោះនេះ គឺជាគំរូវីរភាពសម្រាប់មនុស្សជំនាន់ក្រោយ និងបាន​បញ្ជាក់កាន់តែច្បាស់ថា កម្ពុជាមិនមែនជាសង្គមសក់អ្នកណា ក្បាលអ្នកនោះទេ។ ឯកឧត្ដម​បានបន្ដថា បេសកកម្មនេះ គឺមិនមែនជាការចាត់តាំង តែជាសកម្មភាពដែលកើតចេញពីទឹក​ចិត្តមនុស្សធម៌យ៉ាងពិតប្រាកដ ។

ក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តល់ជូនប័ណ្ណថ្លែងអំណរគុណ ដល់​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ផ្នែក ក្រុមសង្គ្រោះ និងសប្បុរស ជន ដែលមានចំនួន៣៩ស្ថាប័ន មន្ទីរ អង្គភាព អង្គការ និងវិស័យឯកជន១.៩០៣នាក់  ៕

ដោយ ងូ សុមុនី