អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្ដចុះពិនិត្យដោះស្រាយ​ពីតម្រូវការជាក់ស្ដែង របស់កម្មករ កម្មការិនី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែងស្នាក់នៅរបស់កម្មករ កម្មការិនី ដើម្បីពិនិត្យមើលពីតម្រូវការជាក់​ស្តែង​របស់ពួកគាត់ ដូចជាបញ្ហាទឹក ភ្លើង សេវាសុខភាព សន្ដិសុខ និងសំរាមជាដើម។ ការណែ​នាំនេះ បានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១.​២២៥នាក់ នៅសង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញ  នាថ្ងៃអាទិត្យ ១៣ កើត ខែអាសាឍ  ឆ្នាំកុរ ឯកស័កព.ស២៥៦៣  ត្រូវនឹងថ្ងៃទី១៤ខែកក្ដដា ឆ្នាំ២០១៩ ។ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ចំពោះបងប្អូនកម្មករ កម្មការិនី គឺប្រមុខរាជរដ្ឋាភិ​បាល សម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូរសុខទុក្ខ និងបំពេញតម្រូវការជូន​បង​ប្អូនកម្មករ-កម្មការិនីយើង គ្រប់ពេលវេលាតាមរយៈកញ្ចប់អត្ថប្រយោជន៍ទាំង៩ចំណុច ធ្វើឱ្យ​កម្មករ-កម្មការិនី ទទួលបាន​ផលប្រយោជន៍រួមទាំងប្រាក់បៀវត្សរ៍ បានសមរម្យទៀតផង។ ឯកឧត្ដមបានបន្ដថា បងប្អូន​កម្មករ កម្មការិនីទាំងអស់ ត្រូវយល់ថា កត្ដា​មានការងារធ្វើ មាន​រោងចក្រធ្វើក៏ដោយសារតែ ប្រមុខរាជរដ្ឋាភិបាលជួយកសាង និងការពារសន្តិភាព​សុខសន្តិ​​ភាពជូនបងប្អូនជូនប្រទេស​ជាតិ​ទាំងមូល និងជួយរកការងារឱ្យបងប្អូន បានធ្វើរហូតមក​ដល់សព្វថ្ងៃនេះ។  ឯកឧត្ដម​អភិបាល​បានលើកឡើងថា កន្លងមក តាមរយៈការទទួលជួប​សំណេះ សំណាលរបស់សម្តេច​តេជោ ហ៊ុន សែន ដែលសម្តេចតែងតែបានប្រកាសអំពីគោល​នយោបាយរបស់រាជរដ្ឋាភិ​បាល គោលនយោបាយជាតិគាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០១៩ អ្វីដែលសម្តេចតេជោប្រកាសជូនបងប្អូនកម្មករ និយោជិត ដោយមានប្រាក់​ឈ្នួលប្រចាំខែ១៨២ដុល្លារ ព្រមទាំងបើកពីរដងក្នុងមួយខែ។ ឯកឧត្ដមបានបន្ថែមថា កម្មករ កម្មការិនី ទាំងអស់ត្រូវតែមានការទទួលសេវាពិនិត្យ សុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ​ដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណបេឡាជាតិរបបសន្ដិ​សុខ​សង្គម(ប.ស.ស)។ ចំពោះ ស្រ្តីសម្រាលកូនត្រូវឈប់សម្រាក៣ខែ ទទួលប្រាក់១២០​ភាគរយ​ ជាដើម។

ឯកឧត្ដម ឃួង ស្រេង ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនកម្មករ កម្មការិនី ទាំង១.២២៥ នាក់ ក្នុងម្នាក់ៗទទួលថវិកា ចំនួន២ ម៉ឺនរៀល ។

លោក ពេជ្រ កែវមុនី  អភិបាលខណ្ឌមានជ័យ  បានឱ្យដឹងថា ក្នុងខណ្ឌមានជ័យ មានរោងចក្រចំនួន៣៦រោងចក្រ និងសហគ្រាសចំនួន៣៦១សហគ្រាស មានកម្មករសរុប​ចំនួន​៤៣.៩៦៦នាក់ និងកម្មករស្នាក់នៅផ្ទះជួលមានចំនួន៣០.៨៦០នាក់។ លោកបន្ដថា កន្លងមកតាមរយៈការជួបសំណេះ សំណាលរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាមួយបងប្អូនកម្មករ និយោជិត សម្ដេចបានដាក់​ចេញ​នូវគោលនយោបាយជាតិ គាំពារសង្គមដោយបានផ្ដល់នូវអត្ថប្រយោជន៍ យ៉ាងច្រើន​ដល់បងប្អូនកម្មករ កម្មការិនី៕

ដោយ សួស សំរិត