អភិបាលខេត្ដព្រះសីហនុ ដឹកនាំមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលដរដ្ឋ បើកយុទ្ធនាការសម្អាតសំរាមនៅតាមតំបន់ឆ្នេរ និងក្នុងខេត្ដ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ — អភិបាលខេត្ដព្រះសីហនុ បានដឹកនាំមន្រ្ដីធ្វើយុទ្ធនាការសម្អាតសំរាមនៅក្នុងក្រុងព្រះ សីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្ត ក្រុមហ៊ុន​ឯកជន និងបងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាននៅក្នុងខេត្ដ។

ក្នុងយុទ្ធនាការសម្អាតសំរាមនៅទូទាំងក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមាន​ប្រសាសន៍ថា ការបង្កើតជាកម្មវិធីធ្វើការប្រមូលសំរាមទាំងនេះ​ចេញពីទីក្រុងព្រះសីហនុនេះ គឺបានបែងចែកជាបួនគោលដៅ ដែលមានមនុស្ស​ប៉ុន្មានជិត៥.០០០នាក់ រួមជាមួយនឹ​ង​គ្រឿង​​​ចក្រជិត២០០គ្រឿង ដើម្បីបើកយុទ្ធនាការប្រមូល​សំរាម​ដែលនៅសេសសល់​ដឹកជញ្ជូន​​ទៅ​កាន់ទីលានចាក់សំរាម។ ឯកឧត្ដមបានបញ្ជាក់ថា ក្រុមការងាររបស់យើងធ្វើការបែងចែក ជាបួនគោលដៅ ដោយគោលដៅទីមួយ សម្រាប់ចុះទៅតាមសង្កាត់នីមួយៗ នឹងមានបីគោល​ដៅទៀត ដែល​យើងត្រូវចុះសម្អាតនៅតាមសង្កាត់នីមួយៗ ក្នុងក្រុងព្រះសីហនុ។ ឯកឧត្ដម​ក៏បានជំរុញឱ្យក្រុមការងារទៅកាន់គោលដៅគំនរសំរាមដែលនៅសេសសល់ទាំងអស់នោះ ដើម្បីរួមគ្នាប្រមូលសំរាមទាំងនោះដាក់លើរថយន្ត ដើម្បីដឹកចេញទៅកាន់ទីលានចាក់សំរាម ។

ឯកឧត្ដមបានបន្ដថា ការជួបជុំគ្នាបើកយុទ្ធនាការរើសសំរាមនេះ ក្នុងគោលដៅដើម្បី​ប្រមូល​សំរាមចេញពីទីក្រុងព្រះសីហនុ ដែលបញ្ហាសំរាមនៅសេសសល់ជារឿងសំខាន់ ហើយសូមឱ្យអ្នកប្រើប្រាស់សំរាមទាំងអស់ ត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីសំរាម និងការគ្រប់គ្រងសំរាមឱ្យបាន ទើបសំរាមមិនជាបញ្ហានោះទេ។ ជាមួយគ្នានេះ បញ្ហា​សំរាម​កំពុងរីកធំលើស ពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ យ៉ាងណាក៏ដោយយើងរួមគ្នា និងមន្ត្រី​ពាក់ព័ន្ធបន្តការខិតខំគ្រប់គ្រងសំរាមនេះឱ្យបានច្បាស់លាស់ រៀបចំផែនការឱ្យបានច្បាស់​លាល់​​ក្នុង​ការដឹក​ជញ្ជូនចេញឱ្យបានទាន់ពេលវេលា ទៅតាមចំនួនសំរាមដែលជញ្ជូនចេញ ដើម្បីឱ្យងាយស្រល ហើយអ្នកដែលមានការពាក់ព័ន្ធបង្កើតសំរាមសូមឱ្យមានការចូលរួមទុក​ដាក់សំរាមឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមពេលវេលាកំណត់។ ឯកឧត្ដមបានលើកឡើងថា អាជ្ញាធរ នឹងខិតខំគ្រប់គ្រងសំរាមតាមរយៈដាក់ចេញនូវវិធានការសម្អាតសំរាម តាមរយៈ​ការអប់រំ ការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ប៉ុន្តែយើងនៅខ្វះយន្តការសហការគ្នា និងការចូល​រួមពី​គ្រប់មជ្ឈដ្ឋានទាំងអស់ដែលធ្វើឱ្យសំរាមនៅតែបន្តរាយប៉ាយនៅតាមដងផ្លូវសាធារណៈ មុខគេហដ្ឋានរបស់ប្រជាពលរដ្ឋ មានផលប៉ះពាល់ដល់កម្មវិធីសម្អាតសំរាម ប៉ះពាល់​ភាពស្អាត នៃទីក្រុងរបស់យើង។ ឯកឧត្ដមអភិបាលខេត្ដក៏បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួម បន្តការអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ដែលជាអ្នកបង្កើតសំរាមនៅទូទាំងក្រុងព្រះសីហនុរបស់យើង ដើម្បីឱ្យពួក គាត់​ចូ​លរួមវេចខ្ចប់ គ្រប់គ្រងសំរាមឱ្យមានអនាម័យ បរិស្ថានល្អ ចាប់ពីពេលនេះតទៅ ។

ឯកឧត្ដមបានគូសបញ្ជាក់ទៀតថា សំរាមដែលនៅសេសសល់ក្នុងខេត្តព្រះសីហនុ ពិតជាមានចំនួនយ៉ាងច្រើនសម្រាប់យើង​ទាំងអស់គ្នា សំរាមបានកើនឡើងដោយសារតែ​មនុស្ស ដែលជាអ្នកប្រើប្រាស់ ដោយសារការគ្រប់គ្រងរយៈពេលកន្លងមក សំរាម ពិតជា​លើសពីតម្រូវការ នៃការដឹកជញ្ជូនចេញ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា សំរាមធ្វើឱ្យបរិស្ថានមិនស្អាត ធ្វើឱ្យប៉ះពាល់​ដល់សោភ័ណភាព សំរាមបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈរបស់យើងគ្រប់គ្នា ផ្តើម​ចេញ​ពីបញ្ហានេះ វានឹងក្លាយជាបញ្ហាប្រឈមដល់សុខភាព  កើតនូវជំងឺដង្កាត់ផ្សេងៗ មេរោគ​ផ្សេងៗ មានគ្រោះថ្នាក់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ទន្ទឹមនេះ បញ្ហា​សំរាមធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចប្រជាពលរដ្ឋរបស់យើងនៅទីនេះផងដែរ ព្រោះថា​ភ្ញៀវទេសចរទាំងឡាយ អ្នកធ្វើដំណើរទាំងឡាយ អ្នកធ្វើជំនួញទាំង ឡាយ គេពិតជាមិន​ចង់ឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់គេនោះទេ ស្ថិតនៅក្នុងបញ្ហាប្រឈម នៃសុខ​ភាព។ ឯកឧត្ដមបានបន្ថែមទៀតា បញ្ហាសំខាន់  សូមឱ្យបងប្អូនដែល​អ្នកចូលរួមទាំង​អស់ ក្លាយខ្លួនទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសំរាមនៅក្នុងក្រុងព្រះ សីហនុ ក្នុងនោះ បងប្អូនទាំងអស់គ្នាខិតខំក្នុងការប្រមូល និងដឹកសំរាមចេញ ជាពិសេស គឺការអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការវេចខ្ចប់ទុក ដាក់សំរាម និងការបញ្ចេញសំរាមទាន់ពេលវេលា ។

សូមបញ្ជាក់ថា កម្មវិធីប្រមូលសំរាមនេះ ចែកចេញជា៤គោលដៅ ដោយក្រុមទី១ នៅឆ្នេរអូឈើទាល មុខភូមគ្រឹះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រុមទី២ នៅឆ្នេរឯក រាជ្យ បរិវេណ​សួនច្បារឆ្នេរឯករាជ្យ ក្រុមទី៣ សួនមហោស្រប មុខមន្ទីរទេសចរណ៍ និងក្រុមទី៤ នៅវិទ្យាល័យ និងបឋមសិក្សាហ៊ុន សែនឃ្លាំងលើ ៕

ដោយ ងូ សុមុនី