រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ប្រកាសថា អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព នឹងឃាត់មិនឱ្យធ្វើដំណើរ​ទៅមុខរង់ចាំទាល់តែរកមួកមកពាក់សិន ទើបអាចធ្វើដំណើរទៅបាន

AKP ព្រៃវែង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាស​ថា នឹងដាក់ចេញវិធានការថ្មីសម្រាប់អ្នកជិះម៉ូតូអត់ពាក់មួកសវត្ថិភាពដែលតម្រូវឱ្យអ្នក​អត់​ពាក់​មួកសុវត្ថិភាពពេលបើកបរត្រូវឃាត់ខ្លួន មិនឱ្យធ្វើដំណើរទៅមុខនោះឡើយ ហើយរង់ចាំ​រហូតយកមួកសុវត្ថិភាពមកពាក់ទើបឱ្យធ្វើដំណើរទៅមុខបន្ត។ ការប្រកាសនេះ បានធ្វើឡើង​ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា អត្រាគ្រោះថ្នាក់ចរាចរនៅកម្ពុជា​មិន​មាន​ការថមថយនោះឡើយ ដែលក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍បាន​កើនជាង១០០ករណី បើធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ សម្តេចក្រឡាហោម បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ​នៅតែមានការ​កើន​ឡើង។ សម្តេចក្រឡាហោមបានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរនេះ គឺបណ្តាល​មក​ពីការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ។ សម្តេចក្រឡាហោម ស ខេង បានកត់​សម្គាល់ដែរថា ចំនួនអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពនៅតែមានចំនួនច្រើនផងដែរ។

សម្តេចក្រឡាហោមបានបន្ដថា ដើម្បីរឹតបន្តឹង និងជំរុញឱ្យអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាព​ឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក​នាពេលខាងមុខនេះ សម្តេចនឹងសម្រេចដាក់ចេញវិធានការថ្មីចំពោះអ្នកបើកបរម៉ូតូមិន​ពាក់​មួកសុវត្ថិភាពនេះ។ ចំពោះវិធានការថ្មីដែលដាក់ចេញនេះ គឺនឹងឱ្យមន្ត្រីនគរបាលចរាចរណ៍​ឃាត់ខ្លួនរាល់អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ សម្ដេចក្រឡាហោមបានបន្ថែមថា ការ​ឃាត់អ្នកបើកបរម៉ូតូនេះ គឺមិន​យកម៉ូតូទៅណានោះទេ ទុកឱ្យម្ចាស់ម៉ូតូមើលថែខ្លួនឯង ហើយ​ត្រូវទាក់ទង​ទៅសាច់ញាតិ ឬរកវិធីណារកមួកសុវត្ថិភាពមកពាក់ ឱ្យបានសិនទើប​អនុញ្ញាត​ឱ្យ​ធ្វើដំណើរទៅមុខបន្ត៕

ដោយ អ៊ុន រិទ្ធី (ប្រភព៖មន្ទីរព័ត៌មានខេត្ដព្រៃវែង)