ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាំយកទៀនព្រះវស្សា និងទេយ្យទាន បច្ច័យប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន១៥០វត្តទូទាំងរាជធានីភ្នំពេញ

AKPភ្នំពេញថ្ងៃទី១៣កក្កដាឆ្នាំ២០១៩– ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បាននាំយកទៀនព្រះវស្សា និងទេយ្យទាន បច្ច័យ យកមកប្រគេន ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា វត្ដចំនួន ១៥០វត្តទូទាំងរាជធានីភ្នំពេញ ដើម្បីព្រះសង្ឃ​ដែលគង់ចាំ​ព្រះវស្សា​យក​ទៅប្រើ​ប្រាស់​តាម​ព្រះពុ​ទ្ធសា​សនា។

ពិធីនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃសៅរ៏១២កើត ខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវ​និង​ថ្ងៃទី​១៣ កក្ដដា ឆ្នាំ២០១៩ នៅវត្ដនាគវន្ដ័ សង្កាត់បឹងកកទី២ ខណ្ឌទួលគោក ។

ក្នុងឱកាសនេះដែរ ឯកឧត្ដម ឃួង ស្រេង អភិភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធា​នីភ្នំ​ពេញ បាននាំយក​ទៀនព្រះវស្សា ប្រគេនព្រះសង្ឃទាំង១៥០វត្ដទូទាំងរាជធានីភ្នំពេញជារៀងរាល់ឆ្នាំតាម​គន្ល​ង​បវេណីរបស់ព្រះពុទ្ធសានា ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែ​លមាន​សម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណា​ចក្រ​​មានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូធារ​បានចូលរួមកសាងទីវត្តអា​រា​មឱ្យ​មាន​កា​​រអភិវឌ្ឍយ៉ាងល្អប្រសើរ។

ឯ​កឧត្ដមបន្តថា៖ សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និង​លះប​ង់​គ្រ​ប់​បែ​ប​យ៉ា​​ងក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រា​ជរដ្ឋា​ភិបា​លនៃ​ព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​។​

ឯកឧត្តមបានស្នើសុំឱ្យប្រជាពលរដ្ឋនិងពុទ្ធបរិស័ទទំាងអស់ បន្តគាំទ្រគណ:បក្សប្រជាជនកម្ពុជា និង​ចូល​រួម​ថែ​រក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផ​លរបស់ជាតិ​យើងឱ្យ​បាន​គង់​វង្ស​ប្រជា​ពល​រដ្ឋ​រស់​នៅប្រ​កបដោយភាពសុខក្សេមក្សាន្ត។
ក្នុងកម្មវិធីប្រគេនទានព្រះវស្សាទាំង១៥០វត្តនេះ ក្នុង១វត្តៗទទួលបានបច្ច័យ១០ម៉ឺនរៀល, ទៀន​វស្សា១​គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម, ប្រេងមួយកាន ចំណុះ៣០​លីត្រ​,ស្ក​ស​១បា​វទំ​ងន់​២៥​គីឡួ​ក្រាម, ទឹកដោះគោចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស, ទឹកបរិសុទ្ធ២កេស, មី២កេស។

ក្នុងនោះឯកឧត្ដម អភិបាលរាជធានី ក៏បានផ្តល់អំណោយដល់យាយជីតាជី ចំនួន ៥០នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល និងក្រណាត់ស១ដុំ សិស្សនិស្សិត ស្នាក់នៅក្នុងវត្ត ចំនួន ៩៥នាក់ អង្ករ ១តោន និងម្នាក់ៗ ២ម៉ឺនរៀល ។

សូមបញ្ជាក់ថា៖ ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេ​ល​វេ​លា​ដ៏សំខា​ន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌និងវិន័យឱ្យ​បានខ្ជាប់ខ្ជួនតាមពុទ្ធឱ​វាទក្នុង​រយ​:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ៕

ដោយ៖ សំរិត