ឯកឧត្តម ហ៊ុន ម៉ានី ប្រគេនទៀនព្រះវស្សា និងបង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណ ក្ខន្ធជនរងគ្រោះនៃការរលំអគារនៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំយុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌​ និងទេសចរណ៍ នៃរដ្ឋសភា អមដំណើរដោយឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ រួមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះវស្សា ​និងទេយ្យទានចំពោះព្រះសង្ឃនៅវត្តស្មាច់ដែង ស្ថិតនៅ​ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា​ ឆ្នាំ២០១៩។

ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារក៏បានធ្វើពិធីសូត្រមន្ត​បង្សុកូល ឧទ្ទិសកុសល​ជូន​ដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាងអស់ដែលបានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុបាក់រលំអគារ​កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នាពេលថ្មីៗនេះ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ  និងជូនមគ្គផល កុសលផលបុណ្យចំពោះជនរងគ្រោះដែលនៅរស់រានមានជីវត សូមឱ្យបាន​ឆាប់​ជាសះស្បើយ និងត្រឡប់ទៅប្រកបរបរប្រចាំថ្ងៃ ជាមួយក្រុមគ្រួសារដូចតាមធម្មតា ។ 

ឯកឧត្តម ហ៊ុន ម៉ានី​ និងគណៈប្រតិភូ នឹងអញ្ជើញជួបសំណេះសំណាល និងថ្លែង​អំណរ​​គុណដល់បងប្អូនកងកម្លាំង ប្រដាប់អាវុធ អ្នកស្ម័គ្រចិត្ត អង្គការសង្គមស៊ីវិលទាំងអស់ ដែលបានខិតខំបញ្ចេញអស់កម្លាំងកាយ ចិត្តក្នុងការចូលរួមជួយសង្គ្រោះជនរងគ្រោះ ដែលជា​បេសកកម្មជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុ ដួលរលំអគារកាលពីពេលកន្លងមក​ផងដែរ ៕

ដោយ ងូ សុមុនី