អាជ្ញាធរខេត្តបន្ទាយមានជ័យ ចាត់វិធានការបង្ការ ទប់ស្កាត់​ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក

AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ — អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រកាសជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចាត់វិធាន ការបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកដើម្បីបញ្ចៀសកុំឱ្យជំងឺនេះឆ្លងរាល​ដាលចូលក្នុង​ទឹក​ដីខេត្តបន្ទាយមានជ័យ។ សេចក្តីប្រកាសចាត់វិធានការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩នេះ​ខណៈដែលជំងឺនេះបានឆ្លងរាលដាលចំនួន៥ខេត្ត​​ហើយ ក្នុងប្រទេសកម្ពុជា​មាន​ខេត្តរតនគិរី ខេត្តស្វាយរៀង ត្បូងឃ្មុំ តាកែវ និង​ខេត្តកណ្តាល ដែលបណ្តាលឱ្យសត្វជ្រូករាប់សិបក្បាល​បានស្លាប់នោះ។

ស្របពេលដែលមានការប្រកាសចាត់វិធានការបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកពី​សំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យនេះ មន្ត្រីជំនាញពេទ្យនៃមន្ទីរកសិកម្មខេត្តបន្ទាយមាន​ជ័យបានប្រញាប់ចុះធ្វើសកម្មភាពត្រួតពិនិត្យអនាម័យផលិតផលសាច់ជ្រូកនៅទីសត្ត​ឃាត និងផ្សព្វផ្សាយអប់រំជូនដល់កសិករចិញ្ចឹមជ្រូក និងអាជីវករលក់ផលិតផលសាច់ជ្រូក នៅក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យពួកគាត់យល់ដឹងពីវិធីសាស្រ្តបង្ការនិងការចូលរួមទប់​ស្កាត់ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក។

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូច បានបញ្ជាក់ឱ្យដឹងថា ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និង​អភិបាលខេត្តបន្ទាយមានជ័យ ដោយអនុវត្តន៍លើវិធានការបង្ការ ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក មន្រ្តី​ជំនាញពេទ្យសត្វ បានចុះទៅអប់រំអាជីវករលក់ផលិត​ផល​សាច់ជ្រូកនៅ តាម​ទីផ្សារ​នានា​នៅ​ទូទាំងខេត្តដោយណែនាំឱ្យពួកគាត់ត្រូវជ្រើសរើស សាច់​ជ្រូកយកមកលក់មាន​ប្រភពច្បាស់​លាស់និងភ្ជាប់លិខិតច្បាប់​អនុញ្ញាតពីសុខភាពសត្វ ​។

ជាមួយគ្នានេះដែរ ក្រុមមន្រ្តីជំនាញពេទ្យសត្វក៏បានចុះទៅត្រួតពិនិត្យអនាម័យ​ផលិត​ផលសាច់ជ្រូកនៅទីសត្តឃាតដោយបានណែនាំឱ្យម្ចាស់ទីសត្តឃាតត្រូវយកសត្វជ្រូករបស់ ក្រុម​ហ៊ុនដែលមានច្បាប់អនុញ្ញាត និងចៀសវាងនាំសត្វជ្រូកពីប្រទេសវៀតណាម និងសត្វ ជ្រូក ​ដែលគ្មានប្រភពច្បាស់លាស់យកមកធ្វើអាជីវកម្ម និងកន្លែងទីសត្តឃាតត្រូវបាញ់ថ្នាំ សម្លាប់មេរោគជាប្រចាំ។

លោកប្រធានការិយាល័យបានបន្ថែមថា វិធានការទប់ស្កាត់នោះផងទៀតក្រុម​មន្រ្តី​ជំនាញពេទ្យសត្វ ក៏បានចុះទៅត្រួតពិនិត្យ​កសិ​ដ្ឋានចិញ្ចឹមជ្រូកសរុប២៥កន្លែង ចំនួន៣០​ម្ចាស់នៅក្នុងស្រុកស្វាយចេក ដោយមន្រ្តីជំនាញបានណែនាំដល់កសិករឱ្យពួកគាត់ ត្រូវបាញ់​ថ្នាំរំងាប់មេរោគជាប្រចាំផងដែរ។ ទន្ទឹមនេះ មន្រ្តីជំនាញក៏បានចុះបាញ់ថ្នាំរំងាប់មេរោគនៅ​ទីកន្លែងចិញ្ចឹមជ្រូកនីមួយៗ និងបានផ្សព្វផ្សាយចែកខិតប័ណ្ណជូនកសិករចិញ្ចឹមជ្រូក និងកិប​ផូស្ទ័រនៅតាមលំនៅឋានកសិករចិញ្ចឹមជ្រូក ក្នុងការឆ្លើយតបត្រៀមបង្ការទប់ស្កាត់ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិកនេះផងដែរ។

តែទោះបីយ៉ាងណាក៏ដោយលោកបានបន្ថែមទៀតថា កិច្ចការងារនេះមន្រ្តីជំនាញពេទ្យ​សត្វនៅតែបន្តពង្រឹងតាមដានត្រួតពិនិត្យជាប្រចាំអំពីសុខ​ភាពសត្វនៅកសិដ្ឋាន​ចិញ្ចឹមជ្រូក​និងនៅទីសត្តឃាត ព្រមទាំងចូលរួមទប់ស្កាត់នៃការនាំចូលសត្វជ្រូកគ្មានច្បាប់ និងគ្មាន​ប្រភពច្បាស់លាស់។ លោក ហ៊ុយ ​ទូច បានអះអាងថា នៅខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ មិនទាន់មានករណីផ្ទុះរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡើយនោះទេ៕

ដោយ ឈុន សារ៉ាត