រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកជំទាវដង្ហែទៀនព្រះវស្សាចូលវត្តចំនួន៤នៅស្រុកកំពង់សៀមខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ម៉ក់ ស៊ីថា អមដំណើរដោយសហការី បាននាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួនបួនគឺវត្តឥន្ទសាល ហៅ(វត្តក្បាលកោះ) វត្តសំរិទ្ធិជ័យ ហៅ(វត្តកោះតូច) វត្តសំរិទ្ធិជោគ ហៅ(វត្តព្រះអង្គខ្មៅ) និងវត្តឥន្ទកោសី ហៅ(វត្តកោះជ្រូក)។


ទៀនព្រះវស្សានេះត្រូវបានដង្ហែរឡើងកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ស្តិនៅបរិវេណ វត្តវត្តឥន្ទកោសី ហៅ(វត្តកោះជ្រូក) ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថាបុណ្យចូលព្រះវស្សាថាគឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទក្នុងរយ:ពេល០៣ខែក្នុងរដូវភ្លៀងធ្លាក់ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង ការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចំរើនទន្ទឹមគ្នា។
ឯកឧត្តមបន្តថា សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ហេតុដូច្នេះ ឯកឧត្តមបានស្នើសុំឲ្យប្រជាពលរដ្ឋទំាងអស់ បន្តគាំទ្រគណ:បក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិយើងឲ្យបានគង់វង្សតរៀងទៅ៕