អាជ្ញាធរជាតិអប្សរា ជួយស្ដារប្រឡាយទឹកស្រោចស្រពស្រែប្រាំង ជូនប្រជាពលរដ្ឋនៅក្នុងស្រុកពួក

AKP សៀមរាប ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩ — ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋចំនួន៣ឃុំ នៅក្នុងស្រុកពួក ខេត្ត សៀមរាប អាជ្ញាធរជាតិអប្សរាបានជួយស្ដារប្រឡាយ១ខ្សែ ដែលមានប្រវែង៣.៣៤៤ម៉ែត្រ​ ដោយយកទឹកពីបារាយណ៍ យកទៅស្រោចស្រពស្រែ ប្រាំងរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន៣ ដែលកន្លងមកមានការខ្វះ ខាតទឹកសម្រាប់ធ្វើស្រែប្រាំង។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះថា​ ប្រឡាយទឹកដែលគេកំពង់ស្តារនេះ គឺជាប្រឡាយរងលេខ២ ដែលជាប្រឡាយមួយក្នុងចំណោមប្រឡាយនៃប្រព័ន្ធស្រោចស្រពរបស់បារាយណ៍ខាងលិច ដែលមានប្រវែង ៣. ៣៤៤ម៉ែត្រ ចាប់ពីភូមិខ្នាត ឆ្លងកាត់ភូមិព្រៃក្មេង ភូមិទឹកថ្លា ក្នុងឃុំខ្នាត រហូតដល់ភូមិពួកចាស់ ឃុំពួក ដើម្បីនាំយកទឹកពីបារាយណ៍ខាងលិចទៅស្រោចស្រពស្រែប្រាំងក្នុងឃុំចំនួន៣គឺ ឃុំខ្នាត ឃុំសំរោងយា និងឃុំពួក ស្រុកពួក ខេត្តសៀមរាប។

លោក ឡុង កុសល បានបញ្ជាក់ថា បច្ចុប្បន្នប្រឡាយនេះមានកំណកដី សំរាម និងរុក្ខជាតិដុះពេញ ធ្វើឱ្យរាក់ និងរួមតូច ហើយលូមូលកាត់ប្រឡាយចំនួន១៣កន្លែងជាប្រភេទលូមូលទោល និងកើលខ្ពស់ជាងបាតប្រឡាយ ជាមូលហេតុធ្វើឱ្យស្ទះលំហូរទឹកទៅស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋដែលទទួលទឹកតាមប្រឡាយនេះ។

លោក ឡុង កុសល បានឱ្យដឹងទៀតថា អាស្រ័យហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋទាំង៣ឃុំ បានស្នើមកអាជ្ញាធរជាតិអប្សរាស្នើសុំឱ្យជួយស្ដារប្រឡាយ និងប្ដូរលូចំនួន១៣កន្លែងកាត់តាមប្រឡាយនេះ ដើម្បីបញ្ជូនទឹកតាមប្រឡាយបានលឿនទាន់ពេលវេលាតាមតម្រូវការទឹកស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ ហើយរហូតមកដល់ពេលនេះ ការងារស្តារប្រឡាយនេះសម្រេចបានប្រមាណ៨០ភាគរយហើយ៕

ដោយ ហង្ស សៀក