ខេត្តព្រះសីហនុ បានបើកយុទ្ធនាការដាក់ថ្នាំអាប៊ែត សម្លាប់ដង្កូវទឹក  បំបាត់មូសខ្លា ដើម្បីកាត់បន្ថយ និងបំបាត់ជំងឺគ្រុនឈាម

AKP ព្រះសីហនុ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — លោក ម៉ាង ស៊ីណេត អនុប្រធានសាខាកាកបាទក្រហម និងជាអភិបាលរង ខេត្តព្រះសីហនុ  សហការជាមួយសាខាកាកបាទក្រហមខេត្ដ មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានបើកយុទ្ធនាការដាក់ថ្នាំអាប៊ែត សម្លាប់ដង្កូវទឹក បំបាត់មូសខ្លា ដើម្បីកាត់ បន្ថយ និងបំបាត់នូវជំងឺគ្រុនឈាមដល់កុមារ ក៏ដូចជាមនុស្សចាស់ដែលកំពុង ទទួលរងនូវ គ្រោះថ្នាក់ដោយសារមូសខ្លានៅក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។  យុទ្ធនាការដាក់ថ្នាំអាប៊ែតបំបាត់ដង្កូវទឹក មូសខ្លា មានការចូលរួមពីសមាជិកសមាជិកា សាខាកាកបាទក្រហមខេត្ត យុវជនស្ម័គ្រចិត្តរបស់សាខាកាកបាទនឹងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង១០០នាក់ ក្នុងការធ្វើយុទ្ធនាការដាក់ថ្នាំអាប៊ែត នៅតាមលំនៅឋានបងប្អូន ប្រជាពលរដ្ឋនៅទូទាំងសង្កាត់ ក្នុងក្រុង និងស្រុកចំនួន០៣ ក្នុងខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងជាអនុប្រធានសាខាកាកបាទ ក្រហមកម្ពុជា ខេត្ត បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបានគិតគូរចំពោះសុខទុក្ខកូន ចៅប្រជា ពលរដ្ឋ ដោយសារឆ្នាំនេះជំងឺគ្រុនឈាមបាន និងកំពុងកើតមានលើកុមារ និងមនុស្សចាស់ ស្ទើរទូទាំងប្រទេស ដែលបាននិងកំពុងទទួលរងនូវជំងឺគ្រុនឈាម។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរយកចិត្តទុកដាក់បងប្អូនប្រជាពលរដ្ឋ ដោយមិន មានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូម ឱ្យក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដែលជួបនូវជំងឺគ្រុនឈាមបានឆាប់ជាសះស្បើយ។

លោកអភិបាលរងខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ  សូមថែរក្សា អនាម័យ បរិស្ថាននៅជុំវិញផ្ទះ ដើម្បីបំបាត់នៅជម្រកមូសខ្លា យើងត្រូវចូលរួមសម្អាត អនាម័យនៅជុំវិញគេហដ្ឋាន ដើម្បីលុបបំបាត់នូវទីតាំងដក់ទឹកដូចជាថ្លុក ត្រពាំង សម្បកកង់ឡាន សម្បកដប ក៏ដូចសម្ភារដក់ទឹកផ្សេងៗទៀត ត្រូវដុត ឬលុបចោលដើម្បី កុំឱ្យមានទឹកដក់ ដែលជាប្រភពសម្រាប់មូសខ្លាពង កូនត្រូវដេកក្នុងមុងជាប់ជាប្រចាំដើម្បី សុខភាព ចៀសផុតពីជំងឺគ្រុនឈាម៕

ដោយ ងូ សុមុនី