ព្រឹទ្ធសភា និងរដ្ឋសភាគប្បីអនុវត្តន៍មូលដ្ឋាន៥ចំណុច​ដើម្បីធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​បានមាន​ប្រសាសន៍ថា ដើម្បីជួយជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា អង្គ​នីតិប្ប​ញ្ញត្តិ ព្រឹទ្ធសភា និងរដ្ឋសភា គប្បីអនុវត្តន៍មូលដ្ឋាន៥ចំណុច។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី“ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាឆ្នាំ២០១៦-២០៣០” នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេច​វិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ក្របខ័ណ្ឌដ៏រឹងមាំ៥ចំណុចសម្រាប់ អង្គនីតិ ប្ប​ញ្ញត្តិយកធ្វើជាមូលដ្ឋានមានដូចជា ទី១. អង្គនីតិប្បញ្ញត្តិ ព្រឹទ្ធសភា និងរដ្ឋសភា មានតួនាទី​សំខាន់ណាស់ក្នុងការកសាងច្បាប់ ដើម្បីធានាបានភាពម្ចាស់ការ ឱ្យស្របទៅនឹងតម្រូវការ​នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនោះជាចាំបាច់ត្រូវជំរុញ លើកទឹកចិត្តឱ្យមាន​​គណនេយ្យភាពសាធារណៈ ការចូលរួមពីសាធារណជនក្នុងការធ្វើសេចក្តីសម្រេចចិត្ត និង​ប្រកប​ដោយបរិយាបន្ន។ ព្រមជាមួយនេះ ត្រូវពិនិត្យអនុម័តបណ្តា សេចក្តីព្រាងច្បាប់របស់​រាជរដ្ឋាភិបាល ឱ្យធានាបាន និងឆ្លុះបញ្ចាំងទៅនឹងគោលការណ៍សិទ្ធិមនុស្ស ព្រមទាំងចូលរួម​សម្រេចឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០។ ទី២. អង្គនីតិប្បញ្ញត្តិ ព្រឹទ្ធសភា និងរដ្ឋសភា មានតួនាទីដើម្បីពិនិត្យ និងអនុម័តថវិកាប្រចាំឆ្នាំ។ ការ​អនុម័តសេចក្តីព្រាងច្បាប់ថវិកា ចាំបាច់ត្រូវមានភាពស៊ីចង្វាក់គ្នា សង្គតិភាពស្របទៅនឹង​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ព្រមទាំងសមិទ្ធផលដែលសម្រេចបានជារៀង​រាល់ឆ្នាំ រហូតដល់ឆ្នាំ២០៣០។

ទី៣.អង្គនីតិប្បញ្ញត្តិ ព្រឹទ្ធសភា និងរដ្ឋសភា ត្រូវតាមដាន ឈ្វេង​យល់ជាក់ស្តែងជាប្រចាំឆ្នាំ ដែលជាធាតុដ៏សំខាន់សម្រាប់ការអនុវត្ត គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជា តាមរយៈការធ្វើវេទិកាសាធារណៈ ឬយន្តការដ៏ទៃទៀតនៅថ្នាក់​មូល​ដ្ឋាន ដើម្បីប្រមូលមតិ យោបល់របស់ប្រជាពលរដ្ឋទូទៅទាក់ទងនឹងការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទី៤.អង្គនីតិប្បញ្ញត្តិ ព្រឹទ្ធសភា និងរដ្ឋសភា មានតួនាទី​ជា​តំណាងឱ្យ​ប្រជាពលរដ្ឋនៅទូទាំងប្រទេសគឺត្រូវចុះជាប់នឹងមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រម​ទាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងបណ្តាអង្គការសង្គមស៊ីវិល ដើម្បីឈ្វេងយល់អំពីជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ ព្រមទំាងចំណុចខ្លាំង ចំណុចខ្សោយ ចន្លោះប្រហោងក្នុងការអនុវត្តគោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា រហូតដល់ឆ្នាំ២០៣០។ ទី៥.ក្រសួងផែនការក្នុងនាម​ជាសេនាធិការរបស់រាជរដ្ឋាភិបាល មានភារកិច្ចផ្តល់នូវកិច្ចសហការល្អ និងផ្តល់ព័ត៌មាន និង​ឯកសារនានា ជាបន្តបន្ទាប់ដល់ព្រឹទ្ធសភា និងរដ្ឋសភា អំពីគ្រប់ដំណាក់កាល​នៃការអនុវត្ត​ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាបាន​សង្កត់​ធ្ងន់ថា មូលដ្ឋានទាំង៥ចំណុចនេះប្រើដើម្បីក្រើនរម្លឹកការអនុវត្ត និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា អង្គនីតិប្បញ្ញត្តិចាំបាច់​ត្រូវទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រីកចំណេះដឹង និងសម្រួចតួនាទីរបស់ខ្លួន ក្នុង​ការសហការរួមជួយរាជរដ្ឋាភិបាល លើការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពកម្ពុជា ឱ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ដោយ គង់ សិរីរ័ត្ន