សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន  ​លើក​ទី១៣ ​នៅ​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ​

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — តាមប្រភពព័ត៌មានពីក្រសួងការពារជាតិបានឱ្យដឹងថា  ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី១៣ ​នៅ​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ​ កាល​ពី​រសៀល​ថ្ងៃ​ទី១១​ ខែ​កក្កដា​ ឆ្នាំ២០១៩​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ ឯកឧត្តម ​​យ៉ា​មី​ហ្ស៊ាដ​ យ៉ា​គូ​ឌូ ​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ នៃ​សាធារណរ​ដ្ឋ​ឥណ្ឌូ​ណេ​ស៊ី។ ​​ក្នុង​ជំនួប​នា​ឱកាស​នោះ​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ បាន​រម្លឹក​ឡើង​វិញ​ពី​អនុស្សា​វរីយ៍​ ដែល​កង​ទ័ព​ឥណ្ឌូណេស៊ី​បាន​មក​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហ​ប្រជាជាតិ ​ ដែល​កង​ទ័ព​ឥណ្ឌូ​ណេ​ស៊ី​ បាន​បោះទី​តាំង​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​។​

សម្ដេច​​ពិជ័យ​​សេនា​ ទៀ​ បាញ់ បាន​បញ្ជាក់​ថា​ ប្រជាជន​ខេត្ត​កំពង់​ធំ​បាន​ចង​ចាំ ​អំពី​ការ​បំពេញ​ភារ​កិច្ចអន្តរ​ជាតិ​របស់​កង​ទ័ព​ឥណ្ឌូ​ណេ​ស៊ី​នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់​ធំ​។ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ថ្លែង​អំណរ​គុណ ​ដល់​កង​ទ័ព​ឥណ្ឌូ​ណេស៊ី ​ដែល​នៅ​តែ​បន្ត​​​ជួយ​បណ្តុះប​ណ្តាល​ដល់​កង​យោធពល​ខេមរ​ភូមិន្ត​ជា​បន្ត​បន្ទាប់ ​ដូច​ជា​នៅ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ និង​កង​ពល​ទ័ព​ពិសេស​ឆត្រ​យោង​លេខ៩១១។

សម្ដេច​បានប​ញ្ជាក់​ថា​ ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌូ​ណេស៊ី​ ទៅ​កម្ពុជា​លើក​នេះ ​នឹង​នាំ​មក​នូវ​មនោសញ្ជេតនា​មិត្ត​ភាព​ និង​ទំនាក់​ទំន​ង កិច្ច​សហប្រតិបត្តិការ​ ល្អ​ប្រសើរ ​រវាង​កង​ទ័ព និង​ប្រជាជ​ន​ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា ​និង​ឥណ្ឌូ​ណេស៊ី​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​បញ្ជាក់​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា​ ​ជា​ពិសេស​នៅ​ខេត្ត​កំពង់​ធំ​នា​ពេល​ខាង​មុខ​នេះ​ គឺ​ដើម្បី​រម្លឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍​កាល​ពី​ឆ្នាំ១៩៩២​ ដែល​កង​ទ័ព​ឥណ្ឌូណេ​ស៊ី​បាន​បំពេញ​ភារកិច្ច​ថែ​រក្សា​សន្តិភាព​ ក្នុង​ក្រ​ប​ខ័ណ្ឌ​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ​ ក្នុង​ខេត្ត​កំពង់​ធំ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ ក្នុង​អំឡុងពេល​បំពេញ​បេសកកម្ម​នៅ​កំពង់​ធំ​ កង​ទ័ព​ឥណ្ឌូណេស៊ី​ បាន​ចូល​រួម​ចរចារំដោះ​ចំណាប់​ខ្មាំង​ កម្លាំង​អ៊ុន​​តា​ក់ចំនួន​៩​នាក់ ដែល​ត្រូវ​បាន​អតីត​ក្រុម​ខ្មែរ​ក្រហម​ចាប់​ឃាត់​ខ្លួន​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ធំ​។

​ឯកឧត្ត​មបា​នសង្កត់​ធ្ងន់​ថា​ ទំនាក់ទំ​នង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ ​កម្ពុជា-ឥណ្ឌូណេស៊ី មាន​ភាព​ល្អ​ប្រសើរ​ ហើយ​ដំណើរ​ទស្សន​កិច្ច​​ទៅកាន់​កម្ពុជា​លើក​នេះ ​និង​ទទួល​បាន​លទ្ធផល​ល្អ​៕

ដោយ សំ សាម៉ន