សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការរួមគ្នាបំបាត់ជម្រកមូសខ្លា 

AKP សៀមរាប ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការ រួមគ្នាបំបាត់ជម្រកមូសខ្លា ដើមី្បការពារជំងឺគ្រុនឈាម ដោយបានចុះដាក់ ថ្នាំអាបេតក្នុងអាងទឹក ពាងទឹក និងបានបាញ់ថ្នាំមូស នៅសាលាបឋមសិក្សាមុខនាគ សង្កាត់ គោកចក ក្រុងសៀមរាប។

លោកជំទាវ ទាង អេង ទៀសីហា  អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប បានសម្តែងក្តីសោកស្តាយបំផុតចំពោះលោកឪពុកអ្នកម្តាយ ដែលបានបាត់បង់កូនជាទីស្រឡាញ់ដោយសារជំងឺគ្រុនឈាម។ លោកជំទាវ បានបន្តថា ជំងឺគ្រុនឈាម គឺជាបញ្ហាប្រឈមយ៉ាងស្រួចស្រាល់ និងជាក្តីកង្វល់របស់អាណាព្យាបាល និងរាជរដ្ឋាភិបាលយើងផងដែរ។  ដើម្បីការពារ និងបញ្ចៀសបានពីបញ្ហាឈឺនិងស្លាប់ ដោយសារជំងឺគ្រុនឈាមនេះ មានតែបងប្អូនពុកម៉ែ និងប្រជាពលរដ្ឋទាំងអស់ សំខាន់យុវវ័យ គ្រប់រូប និងសិស្សានុសិស្ស ត្រូវរួមគ្នាបំបាត់ជម្រកមូសខ្លា ដោយការធ្វើអនាម័យបរិស្ថាន ជុំវិញលំនៅឋាន សាលារៀន សម្អាតអនាម័យផ្ទាល់ខ្លួនឱ្យបានជាប្រចាំ សម្រាន្តតែក្នុងមុង សុវត្ថិភាព(មុងជ្រលក់ថ្នាំ) និងត្រូវប្រយ័ត្នចំពោះកុមារតូចៗកុំឱ្យគាត់ ងូតទឹកលេង និងដើរ លេងក្បែរគុម្ពោតព្រៃផ្តេសផ្តាស ប្រយ័ត្នពេលពួកគាត់គេងនៅពេលថ្ងៃ ត្រូវដាក់មុងឱ្យគាត់។

បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តសៀមរាបបានឱ្យដឹងថា ចាប់ពីដើម មករា ដល់ដើមខែកក្កដា ឆ្នាំ២០១៩នេះ មានអ្នកកើតជំងឺគ្រុនឈាមទាំងកុមារ និងមនុស្ស ចាស់មកពីតាមបណ្ដាខេត្ដខាងជើងបឹងទន្លេសាប ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ដសៀមរាប មានចំនួនប្រមាណជាង៩០០០នាក់ ក្នុងនោះមានកុមារ និងមនុស្សចាស់ចំនួន១១នាក់ បានស្លាប់ ដោយសារមកទទួលសេវាព្យាបាលមានការយឺតយ៉ាវ។ មន្ទីរពេទ្យដែលបាន ព្យាបាលអ្នកជំងឺទាំងនោះ មានមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មន្ទីរពេទ្យកុមារគន្ធបុប្ផា ឬជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យនៅតាមស្រុកផងដែរ។ អ្នករងគ្រោះដោយសារជំងឺគ្រុនឈាមនេះ មានអ្នក ខេត្ដសៀមរាប មានចំនួនជាង៤០០០នាក់ និងជាង៦០០០នាក់មកពីខេត្ដផ្សេងៗ រួមមាន ខេត្ដកំពង់ធំ ខេត្ដព្រះវិហារ ខេត្ដឧត្ដរមានជ័យ ខេត្ដបន្ទាយមានជ័យ និងខេត្ដបាត់ដំបង។

លោកជំទាវបានបញ្ជាក់ថា ការផ្ទុះជំងឺគ្រុនឈាមនេះ បានកើតឡើងទៅលើកុមារ ក្រោមអាយុ១៥ ឆ្នាំមានចំនួនប្រមាណជាង៨០០០នាក់ និងជាង២៤០នាក់ទៀតបានឆ្លងទៅ លើមនុស្សពេញវ័យនិងមនុស្សចាស់។

សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការរួមគ្នាបំបាត់ជម្រកមូសខ្លា ដើមី្បការពារជំងឺ គ្រុន ឈាមនេះ មានធ្វើសកម្មភាពចុះដាក់ថ្នាំអាបេតក្នុងអាងទឹក ពាងទឹក និងបានបាញ់ថ្នាំមូស និងបានហែក្បួនផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមាន​ការប្រុងប្រយ័ត្នចំពោះជំងឺគ្រុន ឈាម ផងដែរ៕

ដោយ ឃុត សៅ