សម្តេចប្រធានព្រឹទ្ធសភា ចាត់ទុកសិក្ខាសាលា «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០» ជាវេទិកាមួយដ៏មានសារៈសំខាន់

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ចក្រ​កម្ពុជា បានចាត់ទុកសិក្ខាសាលា «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០» ជាវេទិកាមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស សម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការទទួលបានដោយជាក់ ស្តែងនូវព័ត៌មាន និងចំណេះដឹងថ្មីៗទាក់​ទងនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០»​ នាព្រឹកថ្ងៃទី១២ ខែកក្កដានេះ នៅ​វិមានព្រឹទ្ធសភា។ ក្នុងសិក្ខាសាលា ដែលផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា សហការជាមួយក្រសួងផែនការ កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) វិទ្យាស្ថានសភាកម្ពុជា (PIC) និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ការកសាងសមត្ថភាព ដែលផ្តល់ដោយ អង្គសិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ សម្រាប់យកទៅសិក្សា វិភាគ និងវាយតម្លៃ ដើម្បីធ្វើការសម្រេចចិត្តនៅពេលព្រឹទ្ធសភា និងរដ្ឋសភាយើងត្រូវពិនិត្យ ពិភា​​ក្សា អនុម័តច្បាប់ថវិ​កា និងច្បាប់នានាពាក់ព័ន្ធនឹងការ អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរ​ភាពកម្ពុជាឱ្យឆ្លើយតបនឹងផលប្រយោជន៍ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិយើង។

ជាងនេះទៅទៀត ក្នុងឋានៈជាតំណាងឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិក សមា ជិកាព្រឹទ្ធសភា អាចយកព័ត៌មានទាំងនេះទៅផ្សព្វផ្សាយដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងជួយ គាំទ្រដល់រដ្ឋបាល​ថ្នាក់ក្រោមជាតិ ក្នុងការចូលរួមអនុវត្តន៍គោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពកម្ពុជា ឱ្យសម្រេចបានតាមផែនការកំណត់របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ការជួប ជុំគ្នានៅពេលនេះ គឺជាកាលានុវត្តភាពដ៏មានតម្លៃ សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋអំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអនុវត្ត គោលដៅ អភិវឌ្ឍន៍ប្រកប​ដោយ​​​ចីរភាពកម្ពុជា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ ដោយផ្អែកលើអាទិភាពរបស់កម្ពុជាជាក់ស្តែង។

ដើម្បីឱ្យអង្គនីតិប្បញ្ញត្តិ ព្រឹទ្ធសភា និងរដ្ឋសភា ចូលរួមចំណែកក្នុងភាពជាដៃគូយុទ្ធសា​ស្រ្ត​ជាមួយរាជរដ្ឋាភិបាល ក្នុងការក្រើនរម្លឹកការអនុវត្ត និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រក​ប​​ដោយចីរភាព អង្គនីតិប្បញ្ញត្តិចាំបាច់ត្រូវ ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បី​ពង្រីកចំណេះដឹង និងសម្រួចតួនាទីរបស់ខ្លួនក្នុង ការសហការរួម​ជួយរាជរដ្ឋាភិបាលលើការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពកម្ពុជា ឱ្យ​ឈានទៅសម្រេចបាននូវចក្ខុ-វិស័យជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០​៣​០​​ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

សម្តេចប្រធានព្រឹទ្ធសភា ​ក៏បានផ្តល់​អនុសាសន៍មួយចំនួនសម្រាប់អង្គនីតិប្បញ្ញត្តិ ជាមូលដ្ឋានសម្រាប់យកទៅអនុវត្តន៍៖    ក្នុងនោះចាំ​បាច់ត្រូវជំរុញលើកទឹកចិត្តឱ្យ មានគណនេយ្យភាពសាធារណៈ ការចូលរួមពីសាធារណជនក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងប្រកបដោយបរិយាប័ន្ន។ ព្រមជាមួយនេះត្រូវពិនិត្យ អនុម័ត​បណ្តាសេចក្តីព្រាងច្បាប់ របស់រាជរដ្ឋាភិបាលឱ្យធានាបាន និងឆ្លុះបញ្ចាំងទៅនឹងគោលការណ៍សិទ្ធិមនុស្ស ព្រមទាំងចូលរួមសម្រេចឱ្យបានជោគជ័យ នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០។ ២.អង្គនីតិប្បញ្ញត្តិ ព្រឹទ្ធសភា និងរដ្ឋសភា មានតួនាទីដើម្បីពិនិត្យ និងអនុម័តថវិកាប្រចាំឆ្នាំ។ ការអនុម័តសេចក្តីព្រាងច្បាប់ថវិកា ចាំបាច់ត្រូវមានភាព ស៊ីចង្វាក់គ្នា សង្គតិភាពស្របទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ព្រមទាំងសមិទ្ធផលដែលសម្រេចបានជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០៣០។ ៣.អង្គនីតិប្បញ្ញត្តិ ព្រឹទ្ធសភា និងរដ្ឋសភា ត្រូវតាមដានឈ្វេងយល់ជាក់ស្តែងជាប្រចាំឆ្នាំ ដែលជាធាតុដ៏សំខាន់សម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា តាមរយៈការធ្វើវេទិកាសាធារណៈ ឬយន្តការដ៏ទៃទៀតនៅថ្នាក់មូលដ្ឋាន ដើម្បីប្រមូលមតិយោបល់របស់ប្រជាពលរដ្ឋទូទៅទាក់ទងនឹងការអនុ​វត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ៤.អង្គនីតិប្បញ្ញត្តិ ព្រឹទ្ធសភា និងរដ្ឋសភា មានតួនាទីជាតំណាង ឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស  គឺត្រូវចុះជាប់នឹងមូលដ្ឋាន និងប្រជាពល​រដ្ឋ ព្រមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងបណ្តាអង្គការសង្គមស៊ីវិល ដើម្បីឈ្វេងយល់អំពីជីវ​ភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទំាងចំណុចខ្លាំង ចំណុចខ្សោយ ចន្លោះប្រហោងក្នុង ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា រហូតដល់ឆ្នាំ២០៣០។

សម្តេចសង្ឃឹមថា ក្រសួងផែនការក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តផ្តល់នូវកិច្ចសហការល្អ និងផ្តល់ព័ត៌មាន និងឯកសារនានា ជាបន្តបន្ទាប់ដល់ព្រឹទ្ធសភា និងរដ្ឋសភា អំពីគ្រប់ដំណាក់កា​​ល​នៃការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា៕

ដោយ ប៉ាល់ សុង