ជម្រើសជាតិយុវជន U15 កម្ពុជាចាញ់ U15 ចិន ០-៧ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ ត្រៀម AFF U16 Championship នៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — ក្រុមជម្រើសជាតិយុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិអាយុ ក្រោម​​១៥ឆ្នាំរបស់ប្រទេសចិន ដោយលទ្ធផល ០ទល់៧ នៅក្នុងការប្រកួតមិត្តភាព កម្តៅ​សាច់​ដុំ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅកីឡដ្ឋាន RSN ក្លិបភ្នំពេញក្រោន ដោយក្រុម​យុវជនកម្ពុជាប្រកួតបង្កើនបច្ចេកទេសត្រៀមចូលប្រកួតព្រឹត្តិការណ៍ AFF U-16 Championship 2019 នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខ។

សម្រាប់ការប្រកួតមិត្តភាពលើកដំបូង ក្រោយការប្រមូលផ្ដុំរបស់ក្រុម U-15 កម្ពុជានេះ ក្រុមម្ចាស់ផ្ទះមានឱកាសស្ដួចស្ដើងបំផុត ក្នុងការគ្រប់គ្រងបាល់ និងបង្កើត​ឱកាសសម្រុកលើក្រុមយុវជនចិន។ យុវជនកម្ពុជា មានមាឌចាញ់ប្រៀបក្រុម U-15 របស់ចិន ដែលនាំឱ្យក្រុមភ្ញៀវមានឱកាសគ្រប់គ្រងបាល់ស្ទើរទាំងស្រុង ដែលធ្វើឱ្យយុវជនចិន​ធ្វើ​សម្រេច​បាន៧គ្រាប់ ក្នុងនោះវគ្គទី១ ចិននាំមុខកម្ពុជា ៣-០ ហើយនៅវគ្គទី២ ចិនបន្តរក​បាន៤ គ្រាប់បន្ថែមទៀត។

ទោះយ៉ាងនេះក្តី ក្រុម U-15 កម្ពុជា បានព្យាយាមលេងអស់ពីសមត្ថភាព ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំនេះ ស្របពេលដែរគ្រូបង្វឹកលោក Inoue Kazunori នៅតែ​ផ្តល់ការលើទឹកចិត្តដល់កូនរបស់ខ្លួន មិនឱ្យបាក់ទឹកចិត្តឡើយ។
សូមបញ្ជាក់ថា ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្ដងទៀតនាថ្ងៃទី១៣ ខែកក្កដា នៅកីឡដ្ឋាន RSN ដដែល ចំនួនមួយប្រកួតទៀត ដែលនេះគឺជាការប្រកួតមិត្តភាព ដើម្បីដកស្រង់​បច្ចេក​ទេស ពិសេសសម្រាប់ក្រុម U-15 កម្ពុជា ដែលត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ AFF U-16 Championship 2019 នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ខាងមុខ៕

ដោយ ហេង ណាលីន