សហព័ន្ធបាល់ទាត់កម្ពុជា ចាប់ឆ្នោតចែកពូលក្រុមទាំង២០ក្រុម ព្រឹត្តិការណ៍ បាល់ទាត់ក្នុងសាល​ថ្នាក់ជាតិ លើកទី៣ រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំពិធីចាប់ឆ្នោត ចែកពូលដល់ក្រុមចូលរួមទាំង​២០ក្រុម កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅកីឡដ្ឋាន The Blue រាជធានីភ្នំពេញ សម្រាប់​ការប្រកួតកីឡាបាល់ទាត់ក្នុងសាលថ្នាក់ជាតិលើកទី៣ រដូវកាល ២០១៩ ដោយគ្រោង នឹងដំណើរប្រកួតជាផ្លូវការ នាថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា ឆ្នាំទី៣នេះមាន លក្ខណៈពិសេសប្រសើរជាងឆ្នាំទី១ និងឆ្នាំទី២ ដោយសំអាងលើ​លក្ខណៈ​វិនិច្ឆ័យចំនួនពីរ គឺក្រុមទាំងអស់លេងបានច្រើនប្រកួត ហើយក្រុមដែលមានបច្ចេកទេស​ខ្ពស់​ជាងគេ ក្នុងឆ្នាំ២០១៩នេះនឹងត្រូវបានជ្រើសរើសឲ្យចូល រួមក្នុងការប្រកួតលីគបាល់ទាត់​ក្នុង​សាល ២០២០។ ដូច្នេះក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងសាល ឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករនឹងមានឱកាសលេងច្រើនទាំងលីគ និងពានរង្វាន់ផង។ ឯកឧត្តម​អនុ​ប្រធានរូបនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏មានផែនការអភិវឌ្ឍបាល់ទាត់ក្នុងសាលថ្នាល និងយុវជន នៅតាមសាលារៀន តាមកម្រិតអាយុនានា ដើម្បីគោលដៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ កីឡាបាល់ទាត់ក្នុងសាល គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍបាល់ទាត់ទីលានធំម្ខាង១១នាក់ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡបាល់ទាត់ក្នុងសាលថ្នាក់ជាតិ លើកទី៣ រដូវកាល ២០១៩នេះមាន២០ក្រុម ចូលរួមដោយចែកចេញជា៤ពូល ក្នុង១ពូលៗមាន៥ក្រុម ដោយ ដំណាក់កាលទី១ត្រូវលេងសន្សំពិន្ទុវិលជុំក្នុងពូល ហើយ២ក្រុមដែលមានពិន្ទុខ្ពស់ៗជាងគេ ក្នុងពូលនីមួយៗរួមទាំងចំណាត់ថ្នាក់លេខ៣ល្អ២ក្រុមផ្សេង ទៀតនឹងត្រូវឡើងទៅលេងក្នុង​ដំណាក់កាលទី២ ដែលវគ្គនេះនឹងត្រូវបែងចែកជា២ពូលទៀត ដើម្បីស្វែងរកក្រុមខ្លាំងៗ​ចំនួន​៤​ក្រុមឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ៕

ដោយ ហេង ណាលីន