ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — បន្ទាប់ពីក្រុមបឹងកេត និងក្រុមអង្គរថាយហ្គឺរឡើងវគ្គ៨ក្រុម ព្រឹត្តិការណ៍ពានរង្វាន់សម្តេច តេជោ ហ៊ុន សែន ថ្នាក់ជាតិ ជើងទី២ រដូវកាល ២០១៩ បានរកឃើញ២ក្រុមបន្ថែម ទៀតឡើង ទៅវគ្គ៨ក្រុមចុងក្រោយ គឺក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង បន្ទាប់ពីបានយកឈ្នះ គ្រាប់ បាល់ដាច់ឆ្ងាយសរុបទាំងពីរជើង។

ភ្នំពេញក្រោន បានយកឈ្នះក្រុមខេត្តកំពង់ចាម ដោយលទ្ធផល ១៤-០ នៅកីឡដ្ឋាន ស្តាតចាស់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីជើងទី១ ភ្នំពេញ ក្រោនយកឈ្នះកំពង់ចាម ១០-០ សរុប ទាំងពីរជើង ២៤-០។ ចំពោះក្រុមព្រះខ័នរាជ ស្វាយរៀង ដែលប្រជែងបានវគ្គ៨ក្រុមចុងក្រោយនេះដែរ គឺបានយកឈ្នះក្រុមជើងឯក ឡើង មកពីថ្នាក់ខេត្ត ក្រុមខេត្តត្បូងឃ្មុំ ដោយលទ្ធផលសរុបទាំងពីរជើង ៧-១ ដោយកាល ពីជើង ទី១ ព្រះ ខ័នរាជស្វាយរៀងបានយកឈ្នះខេត្តត្បូងឃ្មុំ ៤-០ ហើយនៅជើងទី២ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ យកឈ្នះ៣-១។ ដូច្នេះ៤ក្រុមដែលឈររង់ចាំមុនគេ នៅវគ្គ៨ក្រុម ចុងក្រោយ គឺបឹងកេត អង្គរថាយហ្គឺរ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង។

សម្រាប់ការប្រកួតបញ្ចប់វគ្គ១៦ក្រុម ជើងទី២ ចំនួន៤ប្រកួតផ្សេងទៀតនឹងត្រូវបន្ត ជួប គ្នា នាថ្ងៃទី១៧-១៨ ខែកក្កដា សប្តាហ៍ក្រោយរវាងក្រុមខេត្តរតនគិរី និងសូលទីឡូអង្គរ ស្រប​ពេលដែលក្រសួងការពារជាតិប៉ះ ជាមួយអាស៊ីអឺរ៉ុប ហើយ ណាហ្គាវើលដ៏ប៉ះជាមួយគិរីវង់សុខ​សែនជ័យ ខណៈវិសាខាជួបអគ្គស្នងការដ្ឋាននគរ បាលជាតិ ដើម្បីកាត់សេចក្តីថាតើ៤ក្រុម​ខ្លាំងៗណាទៀត ដែលឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាបន្តទៀត៕

ដោយ ហេង ណាលីន