ព្រឹទ្ធសភាជំរុញឲ្យភាគគីពាក់ព័ន្ធផ្តល់យោបល់សម្រាប់ជួយឲ្យការអភិវឌ្ឍដោយចីរភាពកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖លោក ជួន បូណា ១២ ០៧ ១៩៖

ព្រឹទ្ធសភា ជំរុញឲ្យភាគគីពាក់ព័ន្ធចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកទៅលើក្របខ័ណ្ឌគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដែលអាចឆ្លើយតបនឹងផលប្រយោជន៍ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។


ថ្លែងក្នុងសិក្ខាសាលាស្តីពី « ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ » នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃទី១២ ខែកក្កដានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានចាត់ទុកការរៀបចំសិក្ខាសាលានេះ មានសារៈសំខាន់ និងមានតម្លៃសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការទទួលបាន នូវព័ត៌មាន និងចំណេះដឹងថ្មីៗទាក់ទងនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។


សម្តេចវិបុលសេនាភក្តី មានប្រសាសន៍ដោយស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមយ៉ាងសកម្ម ក្នុងការជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ព្រមទាំងរកឃើញឲ្យនូវចំណុចសំខាន់ៗ និងគំនិតល្អៗ ដែលនឹងអាចយកទៅ ប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ឈានទៅរកការបង្កើត យន្តការវាយតម្លៃលើការអនុវត្ត ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា នាពេលខាងមុខនេះ ឱ្យមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ ឆ្លើយតបបាននឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង។
«ក្នុងន័យនេះ ការពិភ្សានាពេលនេះ គឺជាកាលានុវត្តភាពដ៏មានតម្លៃសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ ដោយផ្អែកលើអាទិភាពរបស់កម្ពុជាជាក់ស្តែង»។
សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីកសាងសមត្ថភាព និងក្លាយជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់យកទៅសិក្សា វិភាគ និងវាយតម្លៃ ដើម្បីធ្វើការសម្រេចចិត្តនៅពេលព្រឹទ្ធសភា និងរដ្ឋសភា ត្រូវពិនិត្យ ពិភាក្សា អនុម័តច្បាប់ថវិកា និងច្បាប់នានាពាក់ព័ន្ធ ដែល ឆ្លើយតបនឹងផលប្រយោជន៍ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា មានប្រសាសន៍ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា នឹងផ្តល់ការណែនាំដល់អ្នករៀបចំគោលនយោបាយ ធ្វើការវាស់វែងលទ្ធផលនៃការអនុវត្តទាំងការងារសិទិ្ធមនុស្ស ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕