សហរដ្ឋអាមេរិកផ្តល់កិច្ចចរចាកម្រិតខ្ពស់ជាមួយ កូរ៉េខាងត្បូង និងជប៉ុនលើបញ្ហាពាណិជ្ជកម្ម

AKPភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — មន្រ្តីជាន់ខ្ពស់របស់ប្រធានាធិបតីកូរ៉េខាងត្បូងមួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានផ្តល់កិច្ចចរចាកម្រិតខ្ពស់ជាមួយភាគីកូរ៉េខាងត្បូង និងជប៉ុន ដើម្បី​ដោះស្រាយនូវការកើនឡើងនូវជម្លោះផ្នែកពាណិជ្ជកម្ម រវាងប្រជាជាតិនៅអាស៊ី ​ប៉ុន្តែទីក្រុង​តូក្យូ​មិនទាន់​ឆ្លើយ​តបនៅឡើយទេ។​

លោក Kim Hyun-chong អនុប្រធានការិយាល័យសន្តិសុខជាតិនៃ Cheong Wa Dae បាននិយាយថា ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនចង់ជួបប្រជុំគ្នា ដើម្បីពិភាក្សាគ្នាអំពីវិធាន​ការ​ទប់​ស្កាត់​ការនាំចេញរបស់ប្រទេសជប៉ុននាពេលថ្មីៗនេះប្រឆាំងនឹងកូរ៉េខាងត្បូង។

លោក គីម បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅសណ្ឋាគាររបស់លោក នៅក្នុង​ទី​ក្រុង វ៉ាស៊ីនតោន កន្លែងដែលលោកបានជួបប្រជុំជាមួយពួកមន្រ្តីសេតវិមាន និងសមាជិកសភា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំហររបស់កូរ៉េខាងត្បូងថា យើងចង់ស្វែងរកដំណោះ​ស្រាយ​​ស្ថាបនាមួយ ប៉ុន្តែភាគីជប៉ុននៅតែមិនបានឆ្លើយតប។

មន្ត្រីអាម៉េរិកជាន់ខ្ពស់មួយរូបនឹងធ្វើដំណើរទៅកាន់តំបន់អាស៊ី ដូច្នេះសហរដ្ឋអាមេរិក​ចង់​ប្រើប្រាស់ ឱកាសនេះ ដើម្បីធ្វើឱ្យមានកិច្ចប្រជុំផ្លូវបីមួយ នៅពេលដែលកូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិកមានឆន្ទៈយ៉ាងខ្លាំង ប៉ុន្តែភាគីជប៉ុនហាក់ដូចជាអកម្មបន្តិច។ ក្រោយមកលោក​បាន​បក​ស្រាយលម្អិត នៅមុនពេលធ្វើដំណើរទៅកិច្ចប្រជុំ​ជាមួយតំណាងពាណិជ្ជកម្មអាម៉េរិក​លោក Robert Lighthizer ។

នៅពេលដែលគេបានចោទសួរ លោកបានបដិសេធមិននិយាយ ថាតើមន្ត្រីសហរដ្ឋ​អាមេរិក ​គឺលោក David Stilwell ជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកសម្រាប់អាស៊ីបូព៌ា​ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុននៅប៉ុន្មានថ្ងៃខាងមុខនេះឬយ៉ាង​ណានោះទេ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)