ជប៉ុន និងកូរ៉េខាងត្បូងនឹងធ្វើកិច្ចចរចា ស្តីពីការទប់ស្កាត់ការនាំចេញបច្ចេកវិទ្យា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើកិច្ចចរចានៅក្រុងតូក្យូនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាគ្នាពីការទប់ដែលគេបានរឹតបន្តឹងរបស់ជប៉ុនលើការនាំចេញគ្រឿងសម្ភារខ្លះទៅកាន់កូរ៉េខាងត្បូងនោះ​ ។

តាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈជប៉ុន NHK  ឱ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងតាមសំណើរបស់កូរ៉េខាងត្បូង ដែលនឹងជាលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីប្រទេសជប៉ុន បានអនុវត្តន៍នូវវិធានការនេះ កាលពីសប្តាហ៍កន្លងទៅ ។

ក្រសួងសេដ្ឋកិច្ច , ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន កាលពីសប្តាហ៍កន្លងទៅបានរឹតបន្តឹងកាន់តែខ្លាំងលើការនាំចេញគ្រឿងសម្ភារ ដែលមានបច្ចេកវិទ្យាខ្ពស់ទៅកាន់កូរ៉េខាងត្បូង ដោយលើកឡើងពីការខូចខាតយ៉ាងសំខាន់ដល់ទំនាក់ទំនងនៃជំនឿទុកចិត្តគ្នាទៅវិញទៅមក ។

នៅក្រោមការរឹតបន្តឹងថ្មីនេះ ការដាក់ពាក្យសុំដាច់ពីគ្នានឹងជាការចាំបាច់សម្រាប់ការនាំចេញទៅ កូរ៉េខាងត្បូង គ្រឿងសម្ភារចំនួន៣ ដែលប្រើនៅក្នុងផលិតផលមានបច្ចេកវិទ្យាខ្ពស់ , ជាដំណើរការមួយដែលអាចប្រើពេលប្រហែល ៩០ ថ្ងៃ  ។

ក្រុងសេអ៊ូលកំពុងទាមទារដល់ក្រុងតូក្យូឱ្យដកយកវិធានការនេះ ។ ពួកមន្ត្រីកូរ៉េខាងត្បូង គេរំពឹងថា នឹងស្នើដល់សមភាគីជប៉ុនរបស់ខ្លួនឱ្យផ្តល់នូវការពន្យល់ឱ្យបានម៉ត់ចត់ថែមទៀត សម្រាប់សកម្មភាពដែលពួកគេបានប្រកាន់យកនេះ ។

ពួកមន្ត្រីជប៉ុនបានប្រកាសថា ការត្រួតត្រាពាណិជ្ជកម្មដោយផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង គឺធូររលុងហើយថា រឿងនេះបានធ្វើឱ្យមានការព្រួយបារម្ភខាងសន្តិសុខ ។ គេរំពឹងថា ពួកគេនឹងនិយាយថា វិធានការនេះ គឺជាលទ្ធផលមួយនៃការពិនិត្យមើលឡើងវិញ ការត្រួតត្រាពាណិជ្ជកម្ម  ហើយមិនមែនត្រូវធ្វើការពិភាក្សាគ្នាទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )